ព្រឹទ្ធសភាអនុម័តច្បាប់ថ្មីស្ដីពីសញ្ជាតិទាំងស្រុងឥតកែប្រែដោយចំនួន៥៩សំឡេង
លោក សាយ ឈុំ បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទី១ព្រឹទ្ធសភា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។
ព្រឹទ្ធសភានៃរបបលោក ហ៊ុន សែន បានអនុម័តជាផ្លូវការ ដោយឥតកែប្រែ រាល់ខ្លឹមសារទាំងអស់នៃច្បាប់ថ្មីស្ដីពីសញ្ជាតិ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៤ របស់ព្រឹទ្ធសភា នៅថ្ងៃទី១១ ខែមិថុនា នេះ ឲ្យដឹងថា អង្គប្រជុំព្រឹទ្ធសភាបានឯកភាពទាំងស្រុងលើខ្លឹមសារទាំងមូលនៃច្បាប់នេះ ឥតកែប្រែ ដោយសំឡេង ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាសរុប ៦២រូប។
បន្ទាប់ពីព្រឹទ្ធសភាអនុម័តច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ នឹងត្រូវបញ្ជូនច្បាប់នេះទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលអំពីធម្មនុញ្ញភាពនៃច្បាប់នេះ មុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាឲ្យប្រើប្រាស់ជាផ្លូវការ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់អាស៊ីសេរីនៅមុនការផ្សាយនេះបន្តិចថា ច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ ធ្វើឡើងដោយមានការយកចិត្តទុកដាក់ ពិភាក្សាល្អិតល្អន់ និងការទទួលខុសត្រូវខ្ពស់ ហើយមិនមែនជាលក្ខណៈបំបែកបំបាក់ជាតិនោះទេ៖ «យើងខ្ញុំធ្វើនេះ ដើម្បីធ្វើម៉េចធានាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ បាទ! បើគ្មានការទទួលខុសត្រូវនោះទេ មិនមែន៣០ឆ្នាំមកនេះ យើងគង់វង្ស ទឹកដីយើងសល់ប៉ុណ្ណឹង ដូចពីមុនមកនេះទេ ហើយដែលបន្សល់ទុកដោយព្រះករុណា នរោត្តម សីហនុ។ យើងរក្សាទុកក្នុងរង្វង់ ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ ហើយដោយសារតែយកចិត្តទុកដាក់ខ្លាចបាត់បង់ហ្នឹងហើយ បានជាយើងធ្វើការបោះបង្គោលព្រំដែនខណ្ឌសីមារវាងប្រទេសយើង ជាមួយប្រទេសជិតខាង»។
ច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ មាន ១០ជំពូក និងចែកចេញជា ៣៨មាត្រា។ ច្បាប់នេះមានគោលដៅដើម្បីកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរ។ សិទ្ធិទទួលបានសញ្ជាតិខ្មែរនេះ រួមមាន ការទទួលបានសញ្ជាតិខ្មែរពីកំណើត ដោយការស្មុំកូនពេញលេញ ដោយចំណងអាពាហ៍ពិពាហ៍ និងដោយសញ្ជាតូបនីយកម្ម។
ច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ រងការរិះគន់ថា ធ្វើឡើងដោយពុំមានការពិគ្រោះយោបល់ឲ្យបានទូលំទូលាយជាមួយពលរដ្ឋ និងសង្គមស៊ីវិល ព្រមទាំងហាក់មានលក្ខណៈជាការសម្ងាត់ ហើយថាអាចនឹងក្លាយជាគ្រោះមហន្តរាយថ្មីមួយទៀតសម្រាប់អនាគតកម្ពុជា ខណៈរបបលោក ហ៊ុន សែន ប្រញាប់ប្រញាល់ និងព្យាយាមអនុម័តច្បាប់នេះឲ្យចប់សព្វគ្រប់នៅមុនការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា រិះគន់ធ្ងន់ៗថា ច្បាប់ថ្មីស្ដីពីសញ្ជាតិនេះ មានលក្ខណៈធូររលុង ហើយជាការបើកផ្លូវឲ្យជនអន្តោប្រវេសន៍កំពុងរស់នៅកម្ពុជា ក្លាយជាពលរដ្ឋខ្មែរស្របច្បាប់។ ជាមួយគ្នានេះ ពួកគេថា ច្បាប់នេះ ក៏ផ្ដល់សិទ្ធិអំណាចឲ្យនាយករដ្ឋមន្ត្រីខ្លាំងលើសលប់ពាក់ព័ន្ធនឹងការផ្តល់សញ្ជាតិ ឲ្យដល់ជនបរទេសនេះ៕
ប្រភពពី៖RFA
No comments