News

Breaking News

លោក​ ហ៊ុន សែន ​ថា​កុំ​លាប​ពណ៌​ពលរដ្ឋ​ជា​ក្រុម​ប្រឆាំង

ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ចុង​សប្ដាហ៍​មុន​បាន​ព្រមាន​ដល់​មន្ត្រី​មូលដ្ឋាន​ហើយ​ជា​ក្រុម​ការងារ​ចុះ​ពង្រឹង​គណបក្ស​នៅ​តាម​មូលដ្ឋាន​កុំ​ឲ្យ​ប្រើ​នយោបាយ​លាប​ពណ៌​ដោយ​ចាត់​ទុក​ពលរដ្ឋ​ដែល​មិន​បាន​បង្ហាញ​ឆន្ទៈ​គាំទ្រ​បក្ស​កាន់​អំណាច​ថា​ជា​ក្រុម​ប្រឆាំង ព្រោះ​ជា​នយោបាយ​គ្រោះថ្នាក់​ដល់​បក្ស​កាន់​អំណាច​។ យោង​តាម​ការ​ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​រាប់ពាន់​នាក់​ក្នុង​ពិធី​សម្ពោធ​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​សោរ៍​។
អនុសាសន៍​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​នោះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ ប៉ុន្តែ​សារព័ត៌មាន Fresh News បាន​ដកស្រង់​សម្ដី​របស់​លោក​ថា​៖ «​នៅ​មាន​មេភូមិ មេឃុំ​ខ្លះ​ទៀត​បង្ក​បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ​ដូចជា​ជម្លោះដីធ្លី​ជាដើម​ហើយ​លាប​ពណ៌​​គេ​ថា ជា​បក្ស​ប្រឆាំង​។ ចំណុច​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​បក្ស​»​។
Fresh News បាន​ស្រង់​សម្ដី​លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា​៖ «​ដើម្បី​បញ្ចៀស​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ សមាជិក​គណបក្ស​ប្រជាជន​ទាំងអស់​ត្រូវ​ធ្វើ​អំពើ​ល្អ​នៅ​គ្រប់​កន្លែង ជាពិសេស​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដូចជា សំបុត្រ​កំណើត សំបុត្រ​អាពិពាហ៍​ពិពាហ៍​ជាដើម និង​ត្រូវ​ធ្វើ​ហើយ​យក​ជូន​ប្រជាពលរដ្ឋ​ដល់​ផ្ទះ​»​។
កញ្ញា សុង ស្រីលាភ សកម្មជន​សហគមន៍​បឹងកក់​ដែល​សកម្ម​ក្នុង​ការតវ៉ា​ជាមួយ​អាជ្ញាធរ​កន្លង​មក​បាន​បង្ហាញ​នូវ​ឆន្ទៈ​​គាំទ្រ​អនុសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​អះអាង​ថា​ហាក់​យឺត​ពេល​បន្ដិច​ក្នុង​ការ​ដាស់តឿន​មន្ត្រី​ទាំងនោះ​។
កញ្ញា​ ស្រីលាភ បាន​ថ្លែង​ថា​៖ «​ពួកយើង​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​បឹងកក់​ដែល​រង​ការបណ្ដេញចេញ​ដោយ​ការ​អភិវឌ្ឍ មន្ត្រី​ថ្នាក់​ក្រោម​ដែល​តែងតែ​ចោទប្រកាន់​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅពេល​មាន​បញ្ហា​កើតឡើង​។ ប្រជាពលរដ្ឋ​គ្រាន់តែ​ធ្វើការ​តស៊ូ​មតិ​ដើម្បី​ទាមទារ​សិទ្ធិ​លំនៅឋាន​សមរម្យ​ដើម្បី​រស់នៅ បែរ​ជា​ចោទ​ប្រជាពលរដ្ឋ​ជា​ពួក​ប្រឆាំង គណបក្សប្រឆាំង​ជាដើម​»​។ «​ខ្ញុំ​គិត​ថា គាត់​មិន​គួរ​ប្រើ​តែ​ឱកាស​នេះ គាត់​គួរ​តែ​អនុវត្ត​រហូត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដីសុខ​»​។
លោក ម៉ៅ មុន្នីវណ្ណ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្សសង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ការ​ថ្លែង​របស់​លោក ហ៊ុន សែន គឺជា​យុទ្ធសាស្ត្រ​របស់​បក្សកាន់​អំណាច​ក្នុង​ការ​ទាញ​ប្រជាប្រិយភាព​មុន​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨​។
លោក​ថ្លែង​ថា​៖ «​បើសិន​ជា​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​គាត់​ថ្លែង​ជា​សាធារណៈ ហើយ​មន្ត្រី​របស់​គាត់​ធ្វើ​ទៅ​តាម​អ្វីដែល​គាត់​ថ្លែង​ហ្នឹង ខ្មែរ​យើង​គឺ​បាន​សុខដុមរមនា​ជាមួយ​គ្នា គ្មាន​ការបែងចែក​ខ្មែរ​នេះ ឬ​ខ្មែរ​នោះ​ទេ​»​។
លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា​ប្រសាសន៍​របស់​ប្រមុខ​ដឹកនាំ​គឺជា​ការណែនាំ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​កុំ​ឲ្យ​មាន​ការ​រើសអើង​និន្នាការ​នយោបាយ និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប៉ុណ្ណោះ​។
លោក​ថ្លែង​ថា​៖ «​វា​ជា​ការពិត ការលើកឡើង​របស់​សម្ដេច ទោះបី​ថា​គណបក្ស​ជា​អ្នក​កាន់​អំណាច​គឺ​បម្រើ​ប្រជារាស្ត្រ​គ្រប់​និន្នាការ​នយោបាយ អ៊ីចឹង​ទោះបី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​ណា មាន​និន្នាការ​ណា ​ក៏​សេវា​សាធារណៈ​របស់​រដ្ឋ​អំណាច​មូលដ្ឋាន​គឺ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មើ​គ្នា តួនាទី ភារកិច្ច​របស់​គាត់​ម្នាក់ៗ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ក៏ដោយ កុំ​ឲ្យ​ពាក់ព័ន្ធ​នឹង​ការរើសអើង​នយោបាយ​ជាមួយ​ពលរដ្ឋ​»​។
លោក ហ្វីល រ៉ូបឺតសុន អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស (HRW) ប្រចាំ​តំបន់​អាស៊ី ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​ធ្វើ​ជា​អ្នក​នយោបាយ​គំរូ​ខាង​យក​ផ្គាប់ផ្គន់ ដោយ​និយាយ​អ្វី​ដែល​លោក​គិត​ថា ធ្វើឲ្យ​លោក​មាន​ប្រជាប្រិយភាព​ជាមួយ​នឹង​ប្រជាជន​។ ក៏ប៉ុន្តែ​តាម​ការពិត​គឺ​លោក​ជា​ស្ថាបត្យករ​នៃ​គោលនយោបាយ​រដ្ឋាភិបាល​ដែល​មួលបង្កាច់​គណបក្ស​ប្រឆាំង​ដោយ​ការ​កុហក​បង្កើត​រឿង​អាស្រូវ និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​របស់​លោក​ធ្វើការ​រឹបអូស​ដី​របស់​ប្រជាជន​។ ដូច្នេះ​ហើយ​លោក​គួរ​តែ​បន្ទោស​ខ្លួនឯង​។ មន្ត្រី​រដ្ឋាភិបាល​នៅ​ខេត្ត​ត្បូងឃ្មុំ​គ្រាន់​តែ​កំពុង​តែ​និយាយ និង​ធ្វើ​អ្វី​ដែល​ពួកគេ​គិត​ថា​ទទួល​បាន​ការអនុញ្ញាត​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​»៕
ប្រភពពី៖phnom phen post

No comments