អ្នកច្បាប់ថា ការមិនទៅបោះឆ្នោតតាមការអំពាវនាវរបស់ព្រះមហាក្សត្រ មិនខុសច្បាប់ទេ
នៅថ្ងៃទី៦ មិថុនា គណបក្សនយោបាយធំពីរដែលធ្លាប់តែជាដៃគូប្រកួតប្រជែងប្រកៀកគ្នានោះ បានចេញសារនយោបាយពីផ្សេងគ្នា ដែលជាការឆ្លើយតបដោយផ្ទាល់ទៅនឹងព្រះរាជសាររបស់ព្រះមហាក្សត្រ អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតនោះ។ គណបក្សសង្គ្រោះជាតិអំពាវនាវពលរដ្ឋកុំទៅបោះឆ្នោត និងមិនទទួលយកការបោះឆ្នោតក្លែងក្លាយ ដោយសំអាងថាព្រះរាជសារនោះ ជាការប្រកាសផ្សាយធម្មតា និងជាប្រពៃណីដែលព្រះមហាក្សត្រតែងធ្វើរៀងរាល់អាណត្តិដូច្នេះ ហើយថាវាជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋក្នុងការសម្រេចថា ទៅ ឬមិនទៅបោះឆ្នោត។
រីឯលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតដើម្បីគោរពតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ហើយថា អ្នកណាមិនទៅបោះឆ្នោតគឺជាការប្រឆាំងនិងព្រះរាជសារ ហើយខុសច្បាប់។
ការចេញសារអំពាវនាវពីរផ្សេងគ្នា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។
គណៈកម្មការចំពោះកិច្ចនៃគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានភ្លាមៗ នៅថ្ងៃទី៦មិថុនា ក្រោយពីបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៅថ្ងៃទី៤ និងថ្ងៃទី៥ មិថុនា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក អំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត និងធ្វើយុទ្ធនាការពលរដ្ឋទាំងនៅក្នុងប្រទេស ក្រៅប្រទេស ធ្វើយុទ្ធនាការមិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ និងពង្រីកសកម្មភាពការទូត។
រីឯ ស្ថាបនិកគណបក្សសង្គ្រោះជាតិ ដែលត្រូវបានលោក ហ៊ុន សែន រំលាយ បានសរសេរនៅលើហ្វេសប៊ុក (Facebook) របស់លោកថា លិខិតព្រះមហាក្សត្រ អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ថ្ងៃ២៩ កក្កដា ខាងមុខ គឺជាលិខិតក្លែងក្លាយទេ ឬក៏ជាលិខិតមួយ ដែលបានធ្វើឡើងក្រោមការគំរាមកំហែង ពីជនផ្ដាច់ការ ហ៊ុន សែន ដែលចេះតែដើរគំរាមកំហែងអ្នកដទៃ មានទាំងព្រះមហាក្សត្រផងដែរ៖ «ព្រះមហាក្សត្រលោកមិនមានបំណងធ្វើអ្វីតាមតែលោក ហ៊ុន សែន បញ្ជាទេ ក៏ប៉ុន្តែលោក ហ៊ុន សែន ដោយសារតែការគំរាមកំហែងពីលោក ហ៊ុន សែន យើងដឹងហើយ លោក ហ៊ុន សែន ធ្លាប់តែគំរាមកំហែងគេឯង»។
ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារកាលពីថ្ងៃទី១៨ ឧសភា ហើយដែលទើបផ្សព្វផ្សាយកាលពីថ្ងៃទី៥ មិថុនា អំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីជួបជាមួយកម្មករនៅខែត្រកំពង់ចាមនៅថ្ងៃទី៦មិថុនា ព្រមានចំពោះការអំពាវនាវរបស់គណបក្សប្រឆាំងមិនឲ្យពលរដ្ឋទៅបោះឆ្នោតនេះថា ជារឿងប្រមាថព្រះមហាក្សត្រ និងខុសច្បាប់៖ «តើគេហ៊ានចេញមុខប្រឆាំងជាមួយព្រះរាជសារព្រះមហាក្សត្រដែរឬទេ? បើគេប្រឆាំងគឺមានទោសស្មើទោសកៀនវាំង ព្រោះទង្វើបែបនេះយើងដឹងហើយថា នេះជាទោសកៀនវាំង តែម្ដង ព្រោះទង្វើបែបនេះ ថ្ងៃណាមួយគេនឹងបំផ្លាញរាជានិយមតែម្ដង ហើយគេចង់បានបំផ្លាញទៅជារបបសាធារណរដ្ឋម្ដងរួចមកហើយ»។
ទោះបីជាយ៉ាងនេះក្ដី លោក សម រង្ស៊ី បានលើកឡើងថា អ្នកដែលប្រមាថព្រះមហាក្សត្រនោះ គឺលោក ហ៊ុន សែន ទៅវិញទេ។ លោក សម រង្ស៊ី បានរំលឹក កាលពីឆ្នាំ២០០៥ ថា ជនផ្ដាច់ការ ហ៊ុន សែន នេះ បានគំរាមកំហែងព្រះមហាក្សត្រម្ដងហើយ ថា គាត់នឹងរំលាយរាជបល្ល័ង្ក បើព្រះមហាក្សត្រមិនយល់ព្រមប្រថាប់ត្រាលើសន្ធិសញ្ញាបំពេញបន្ថែម ក្នុងរឿងព្រំដែន ដែលទទួលស្គាល់សន្ធិសញ្ញាព្រំដែន ចុះហត្ថលេខាដោយរបប ហេង សំរិន និង ហ៊ុន សែន ក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ ដែលបានកាត់ទឹកដីប្រទេសកម្ពុជា មានទាំងកោះត្រល់ដែរនោះ ឲ្យទៅប្រទេសវៀតណាម។ ករណីនេះ លោក សម រង្ស៊ី ហៅលោក ហ៊ុន សែន ថា ជាជនផ្ដាច់ការដែលបានរៀបចំសន្ធិសញ្ញាព្រំដែនទាំងនោះ និងដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ គឺជាជនក្បត់ជាតិ យ៉ាងពិតប្រាកដ៖ «លោក ហ៊ុន សែន ឲ្យព្រះមហាក្សត្របច្ចុប្បន្នទទួលស្គាល់ លោក ហ៊ុន សែន ក៏បានគំរាមព្រះមហាក្សត្រ ទទួលស្គាល់សន្ធិសញ្ញានេះទេ លោក ហ៊ុន សែន នឹងរំលាយរាជបល្ល័ង្ក»។
ទាក់ទងនឹងការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតនេះ អ្នកច្បាប់ពន្យល់ថា មិនមែនជាការប្រឆាំងនឹងព្រះមហាក្សត្រ ឬត្រូវមានទោសដោយការប្រមាថព្រះមហាក្សត្រអ្វីឡើយ ព្រោះថា ការទៅបោះឆ្នោតឬមិនទៅបោះឆ្នោតនេះ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលធានានៅក្នុងរដ្ឋធម្មនុញ្ញ។
អ្នកស្រីមេធាវី ម៉េង សុភារី ឲ្យដឹងនៅថ្ងៃទី៦ មិថុនាថា ការទៅបោះឆ្នោតមិនមែនជាកាតព្វកិច្ចទេ ហើយការអំពាវនាវបែបណាមួយរបស់គណបក្សនយោបាយក្ដី និងការអំពាវនាវរបស់មហាក្សត្រក្ដី មិនមែនជាច្បាប់ទេ ហើយក៏គ្មានច្បាប់ណាមួយចែងអំពីទោសទណ្ឌចំពោះអ្នកណាដែលមិនអនុវត្តតាមការអំពាវនាវរបស់ព្រះមហាក្សត្រនេះដែរ៖ «នៅក្នុងក្រមព្រហ្មទណ្ឌរបស់យើងពុំមានច្បាប់ចែងពីការដាក់ទណ្ឌចំពោះអ្នកណាមិនធ្វើតាមការអំពាវនាវរបស់ព្រះមហាក្សត្រនោះទេ»។
រដ្ឋធម្មនុញ្ញមាត្រា ៣៤ ថ្មី ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ក្រៅពីនេះទៀត លោក ហ៊ុន សែន អះអាងថា ការរៀបចំការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះ គឺជាការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស។
អ្នកវិភាគលើកឡើងឡើងថា ការបោះឆ្នោតនៅកម្ពុជាក្នុងនីតិកាលទី៦ ដោយគ្មានគណបក្សប្រឆាំងដែលមានសំឡេងប្រកួតប្រជែងប្រកួតប្រជែងគ្នាចូលរួម ដោយសារតែរបបលោក ហ៊ុន សែន រំលាយនេះ គឺជាការបោះឆ្នោតមិនឆ្លុះបញ្ចាំងពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើយ។ លោកបណ្ឌិត មាស នី បានហៅការរៀបចំបោះឆ្នោតសេរីពហុបក្សនេះ គឺជាការការបោះឆ្នោតតាមស្តង់ដាររបស់កម្ពុជាតែប៉ុណ្ណោះ មិនមែនជាស្តង់ដារសាកលឡើយ។ លោកបញ្ជាក់ថា របបលោក ហ៊ុន សែន ហាក់មិនខ្វល់អំពីការទទួលស្គាល់លទ្ធផលបោះឆ្នោតពីសហគមន៍អន្តរជាតិដែរ សំខាន់របបលោក ហ៊ុន សែន ត្រូវរៀបចំបោះឆ្នោតសិន រឿងមិនទទួលស្គាល់ការបោះឆ្នោតនេះ ឬមិនទទួលស្គាល់គឺជាជំហានបន្ទាប់ទៀត៕
ប្រភពពី៖RFA
No comments