អ្នកជំនាញបារម្ភពីហានិភ័យដែលពលរដ្ឋនិងសហគមន៍អន្តរជាតិមិនទទួលស្គាល់ការបោះឆ្នោត
លោក គល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែល (Comfrel) ថ្លែងទៅកាន់អ្នកកាសែត នៅសណ្ឋាគារអ៊ីមភើរៀល រាជធានីភ្នំពេញ នៅថ្ងៃទី ២០ មករា ២០១៥។
អ្នកជំនាញខាងបោះឆ្នោតព្រួយបារម្ភអំពីការបោះឆ្នោតនីតិកាលទី៦នេះ ថា នឹងមានហានិភ័យជាច្រើនកើតឡើង ប្រឆាំងនឹងការបោះឆ្នោត បើសិនជារបបក្រុងភ្នំពេញគ្មានការកែប្រែស្ថានភាពនយោបាយឲ្យទៅរកភាពប្រក្រតីវិញទេនោះ។ ការសំដែងការព្រួយបារម្ភនេះ នៅក្រោយពីអង្គការអន្តរជាតិ ធ្វើការឃ្លាំមើលការបោះឆ្នោត បានចេញរបាយការណ៍ថា ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខនេះថា ជាការបោះឆ្នោតដែលមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ជំនាញខាងកិច្ចការបោះឆ្នោត លើកឡើងថា ការបោះឆ្នោតនាពេលខាងមុខ នឹងមានហានិភ័យជាច្រើនកើតឡើង ពិសេសគឺប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់ ដែលពួកគេចាត់ទុកការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា ជាការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) មានប្រសាសន៍កាលពីល្ងាចថ្ងៃទី១៨ មិថុនា ថា ការរៀបចំការបោះឆ្នោតគឺទាមទារឲ្យមានភាពស្របច្បាប់ និងទទួលយកបានពីគ្រប់ភាគីជារឿងសំខាន់ ដែលជាការឆ្លុះបញ្ចាំងពីការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែការបោះឆ្នោតនៅនីតិកាលទី៦នេះ មិនត្រូវបានគេមើលឃើញថា ជាការបោះឆ្នោតដែលសហគមន៍ជាតិ និងអន្តរជាតិឲ្យតម្លៃនោះទេ ផ្ទុយទៅវិញ របបលោក ហ៊ុន សែន គ្មានអ្វីកែប្រែទៅលើការរៀបចំការបោះឆ្នោតនេះទេ វិបត្តិសង្គមផ្សេងៗនឹងកើតឡើងនៅក្នុងសង្គម៖ «ការបោះឆ្នោតគឺវាទាមទារឲ្យមានការទទួលស្គាល់ពីប្រជាពលរដ្ឋដែលគាំទ្របក្សប្រឆាំងដែរ ឥលូវនេះប្រទេស៤៥ ក៏មិនទទួលស្គាល់ការបោះឆ្នោតដែរដូច្នេះ គឺទាមទារ ពីសេសប្រទេសជាម្ចាស់ជំនួយជាដើម»។
អង្គការបណ្ដាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី ឬហៅកាត់ថា ANFREL បានចេញ របាយការណ៍កម្រាស់១៥ទំព័រ កាលពីថ្ងៃទី១៥ មិថុនា វាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាគ្មានភាពយុត្តិធម៌និងសេរីនោះទេ ដោយរបាយការណ៍នេះ បានលើកពីចំណុច៤សំខាន់ៗគឺ សិទ្ធិពលរដ្ឋជាមូលដ្ឋាន និងសិទ្ធិនយោបាយ រងការគំរាមកំហែង និងរឹតត្បិត។
សារព័ត៌មានឯករាជ្យ រងការធ្វើទុក្ខបុកម្នេញ និងការបង្កើតប្រព័ន្ធរោងចក្រផលិតព័ត៌មានក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត បំពុលបរិយាកាស ធ្វើឲ្យពលរដ្ឋភាន់ច្រឡំ។ ការគំរាមកំហែង អ្នកបោះឆ្នោត ដែលមិនគួរធ្វើ។ ការប្រកួតប្រជែងមិនស្មើភាពគ្នា ដោយឥទ្ធិពលបក្សកាន់អំណាច និង ការកាន់ជើងតែបក្សម្ខាង ជាពិសេស គ.ជ.ប ដែលធ្វើពលរដ្ឋបាត់បង់សិទ្ធិ និងជំនឿលើការរៀបចំការបោះឆ្នោត។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយតបចំពោះ របាយការណ៍របស់ ANFREL ថា ជារបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាជាប្រទេសគោរពច្បាប់ និងរៀបចំការបោះឆ្នោត គោរពតាមគោលការណ៍ប្រជាធិបតេយ្យ៖ «ខ្ញុំមិនយល់ដូច្នោះទេ ប្រជាពលរដ្ឋខ្មែរក៏មិនយល់អ៊ីចឹងដែរ ភាគច្រើន ពីព្រោះថា ពាក្យយុត្តិធម៌ គ្រាន់តែជាពាក្យមួយគ្រាន់តែគេនិយាយនៅមុនពេលបោះឆ្នោត ដែលជាក្រុមប្រឆាំង»។
ទោះបីជាយ៉ាងនេះក្ដី កាលពីថ្ងៃទី១៤ មិថុនា អ្នកជំនាញអង្គការសហប្រជាជាតិព្រួយបារម្ភអំពីការគាបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតមកដល់។ សេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយ ពីទីក្រុងហ្ស៊ឺណែវ (Geneva) ប្រទេសស្វីស (Switzerland) លើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីពេលថ្មីៗ នេះ បានចេញផ្សាយនូវក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលនៅក្នុងនោះ ក៏រួមមានទាំងបម្រាមមួយចំនួន ដែលមានលក្ខណៈរឹតត្បិតដល់សេរីភាពក្នុងការចុះយកព័ត៌មានរបស់អ្នកកាសែត។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ដេវីឌ កាយេ (David Kaye) អ្នករាយការណ៍ពិសេសស្ដីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាព និងអ្នកជំនាញខាងផ្នែកសិទ្ធិមនុស្សមួយចំនួនទៀត សម្ដែងការព្រួយបារម្ភ ចំពោះស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប ដែលបានចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ដែលមានចរិតគាបសង្កត់ដល់សិទ្ធិក្នុងការបញ្ចេញមតិ។
ចំណុចសំខាន់ៗ នៅក្នុងក្រមសីលធម៌របស់ គ.ជ.ប សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិយល់ថា ជាការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយនោះ រួមមានការហាមប្រាមមិនឱ្យចុះផ្សាយព័ត៌មាន ដែលអាចនាំឱ្យមានការភ័ន្តច្រឡំ ឬបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត ការផ្សាយព័ត៌មានដែលរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងការបញ្ចេញមតិផ្ទាល់ខ្លួន ឬការការធ្វើបុរេវិនិច្ឆ័យអំពីការបោះឆ្នោត។
របាយការណ៍របស់ Anfrel ក៏បានសង្កត់ធ្ងន់ទៅលើអ្នកមានអំណាចគំរាមកំហែង និងបំភិតបំភ័យប្រជារដ្ឋនៅមុនពេលបោះឆ្នោតនេះដែរ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា នោះ។ របាយការណ៍នេះ ក៏បញ្ជាក់ដែរថា បើទោះបីជាអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមនៅពេលនេះ ក៏មិនប្រាកដថា ការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌នោះដែរ ព្រោះ កត្តាដែលធ្វើឲ្យការបោះឆ្នោត មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ មិនចំណុះតែមានវត្តមានគណបក្សប្រឆាំង មួយមុខនោះឡើយ។
អ្នកជំនាញខាងកិច្ចការបោះឆ្នោត លើកឡើង ថា ក្រុមនយោបាយកាន់អំណាចរួមទាំងមន្ត្រីជាន់ខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ បានបំបាក់ទឹកចិត្ត និងបំភិតបំភ័យម្ចាស់ឆ្នោតថា ការបោះឆ្នោតប្ដូរអំណាចរដ្ឋាភិបាល ថាកើតសង្គ្រាម។ ការឃោសនាបែបនេះ ប៉ះពាល់យ៉ាងខ្លាំងដល់ម្ចាស់ឆ្នោតបាត់ជំនឿលើការបោះឆ្នោត និងមិនចង់ទៅបោះឆ្នោត ព្រោះ អស់សង្ឃឹមលើការបោះឆ្នោត។ គ.ជ.ប និង អាជ្ញាធរ ហាក់ដូចយកចិត្តទុកដាក់សិទ្ធិទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ រហូតដល់កែប្រែក្រមសីលធម៌បោះឆ្នោតនិងតាមចាប់អ្នកអំពាវនាវ "មិនទៅបោះឆ្នោត" តែ គ.ជ.ប និងរដ្ឋអំណាច "ឯករាជ្យ" មិនដែលចេញសេចក្ដីប្រកាសព្រមាន និងក៏មិនដែលអនុវត្តក្រមសីលធម៌ដែរ ចំពោះក្រុមកាន់អំណាច និងមន្ត្រីទាំងនោះ។
លោក គល់ បញ្ញា បន្ថែមថា នៅក្រោយពេលបោះឆ្នោតខាងមុខនេះ ពិបាកនឹងវាយតម្លៃពីទំហំហានិភ័យថា មានទំហំប៉ុនណាណាស់ ក៏ប៉ុន្តែអ្វីដែលមើលឃើញជាក់ស្ដែង ក្រៅពីប្រជាពលរដ្ឋមួយចំនួន មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ គឺកម្ពុជានឹងមានផលប៉ះពាល់លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕
ប្រភពពី៖RFA
No comments