ពលរដ្ឋខ្មែរនៅរដ្ឋម៉ាសាឈូសេត រំពឹងថានឹងមានមនុស្សច្រើន ចូលរួមបុណ្យបណ្តេញឧបទ្រព្យចង្រៃ ជូនលោក កឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា (រូបឆ្វេង) ត្រូវសមត្ថកិច្ចរបបលោក ហ៊ុន សែន ចាប់ខ្លួននៅគេហដ្ឋានលោក នៅភ្នំពេញ ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧
ពលរដ្ឋខ្មែរអ្នកផ្តើមបុណ្យ នៅរដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក រំពឹងថា នឹងមានមនុស្សមកចូលរួមយ៉ាងច្រើនកុះករ ក្នុងពីបុណ្យបណ្តេញសម្រាលឧបទ្រព្យចង្រៃ ជូនលោក កឹម សុខា ប្រធានគណបក្សសង្ក្រោះជាតិ ដែលនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែមិថុនា។ ពិធីបុណ្យនេះ ត្រូវបានសមាជិកគណៈកម្មាធិការបុណ្យលោក ផេង អាង ដាក់ឈ្មោះថា ជាបុណ្យផ្កាប្រាក់សង្គហទាន។ លោក ផេង អាង ប្រាប់អាស៊ីសេរីឲ្យដឹងកាលពីថ្ងៃទី៨ ខែមិថុនាថា តាំងពីផ្សព្វផ្សាយអំពីដំណឹងនៃពិធីបុណ្យនេះ មានពលរដ្ឋខ្មែរនៅអាមេរិក បាននាំគ្នាឧបត្ថម្ភជាទឹកប្រាក់ជាបន្តបន្ទាប់រួចទៅហើយ៖ «ច្នេះសំបុត្រដែលយើងបោះប្រាំរយហ្នឹង យើងឲ្យគេជួយចែក ប្រហែលជាអស់ខ្ទង់ ៤៥០សន្លឹកដែរ ដូច្នេះបើតាមខ្ញុំស្មានយ៉ាងហោចណាស់ ក៏មានប្រហែល ៣០០ នាក់ដែរ នឹងមកចូលរួម។ ស្រស្រាក់ស្រស្រាំណាស់។ ម្យ៉ាងទៀត គ្រាន់តែយើងមិនទាន់ធ្វើបុណ្យផង គេចូលលុយបានជាងបីពាន់ទៅហើយ គេចូលបណ្តើរៗមកនុះណា៎!»។
ពិធីបុណ្យនេះ គឺប្រព្រឹត្តទៅនៅភោជនីយដ្ឋានឈ្មោះ សាន់នីដា នៅក្នុងទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត។ កូនស្រីទាំងពីររបស់ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា និងកញ្ញា កឹម សម្មាធីតា ក៏នឹងចូលរួមក្នុងពិធីនេះដែរ។
លោក ផេង អាង លោកបញ្ជាក់ថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស តែងតែឈឺឆ្អាល និងព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌អស់រយៈពេលជាង ៩ខែមកហើយ តាំងពីលោកត្រូវបានចាប់ខ្លួនទាំងកម្រោល តាមបញ្ជារបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
ពួកគាត់ថា លោក កឹម សុខា រដ្ឋបុរស និង បុគ្គលគម្រូ មួយដែលពលរដ្ឋខ្មែរនៅគ្រប់ទិសទី មិនភ្លេចនូវវីរភាព និង ការតស៊ូដ៏អង់អាចក្លាហាននេះឡើយ៖ «គាត់ធ្វើកិច្ចការទាំងអស់ហ្នឹង គឺគាត់ចង់បានសង្គមមួយ ដែលមានលក្ខណៈប្រជាធិបតេយ្យ។ គុណូបការៈ មិនមែនធម្មតា គឺទៅលើប្រទេសជាតិ ទៅលើសង្គម។ គាត់ដូចថា រងគ្រោះជាប់ពន្ធនាគារនេះ ដោយសារគាត់គិតគូដល់ប្រទេសជាតិរបស់គាត់ដែរ។ ដូច្នេះម៉េចក៏យើង ទាំងអស់គ្នាមិនអាចធ្វើបុណ្យ ជូនគាត់បាន ហើយគាត់កំពុងតែរង។ គាត់កំពុងតែត្រូវឧបទ្រពចង្រៃ ដែលគេចាប់គាត់ដោយអត់ច្បាប់ ដោយឥតអ៊ីចឹង។ ដល់អ៊ីចឹង ពួកខ្ញុំហ្នឹងគួរតែធ្វើអីមួយ ដើម្បីជាគំរូផង»។
លោក ផេង អាង បញ្ជាក់ទៀតថា សហគមន៍ខ្មែរនៅអាមេរិកនេះ មើលឃើញនូវទុក្ខលំបាករបស់លោក កឹម សុខា និងក្រុមគ្រួសាររបស់លោក ក្នុងស្ថានភាពបែបនេះ ហើយសង្ឃឹមថា បច្ច័យដែលបានប្រមូលពីពិធីបុណ្យនេះ នឹងអាចជួយសម្រាលការលំបាកក្នុងការចំណាយផ្សេងៗ ទាំងថ្លៃធ្វើដំណើររបស់ភរិយារបស់លោក ដែលទៅជួបលោកញឹកញាប់ និងទាំងថ្លៃថ្នាំសង្កូវ សម្រាប់ព្យាបាលជំងឺលោក កឹម សុខា ផង៕
ប្រភពពី៖RFA
No comments