មន្ត្រីអង្គការ ខុមហ្វ្រែល ពន្យល់ថា ការពិនិត្យបញ្ជីឈ្មោះរកអ្នកមិនទៅបោះឆ្នោត គឺខុសច្បាប់
មន្ត្រីជាន់ខ្ពស់ឃ្លាំមើលការបោះឆ្នោត នៃអង្គការ ខុមហ្វ្រែល លោក កន សាវាង្ស ពន្យល់នៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១ មិថុនាថា ការលើកឡើងថា អាជ្ញាធរនឹងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតក្រោយការបោះឆ្នោតរួចនោះ ដើម្បីបានដឹងថា ពលរដ្ឋណាមិនទៅបោះឆ្នោត ឬបានបោះឆ្នោតនោះ ជារឿងភូតកុហក និងប្រាសចាកពីច្បាប់បោះឆ្នោតទាំងស្រុង។
លោក កន សាវាង្ស ពន្យល់ថា នៅក្នុងបទបញ្ជា និងនីតិវិធីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជំពូកទី៨ ប្រការ ៨.១២ បញ្ជាក់យ៉ាងច្បាស់ពីការរៀបចំទុកដាក់ឯកសារ ឬសន្លឹកឆ្នោតនៅក្នុងកញ្ចប់ “ក”។ ក៏ប៉ុន្តែ ការបើកមើលហិបឆ្នោតវិញបាន លុះត្រាតែក្នុងករណីមានបណ្ដឹងណាមួយពីគណបក្សនយោបាយ ទើប គ.ជ. ប តម្រូវឱ្យសើរើឡើងវិញ ទើបគេបើកកញ្ចប់នោះបាន។
លោក កន សាវាង្ស សសរបញ្ជាក់ដូច្នេះ នៅក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែឧសភា គំរាមកំហែងទៅប្រជាពលរដ្ឋណា ដែលបម្រុងប្រើទឹកខ្មៅជ្រលក់ម្រាមដៃ ដើម្បីគេចវេះមិនទៅបោះឆ្នោតថា ជាអំពើខុសច្បាប់ ហើយប្រឈមនឹងមានទោសជាប់ពន្ធនាគារ។ ប៉ុន្តែអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនបានចាត់ទុកសម្ដីរបស់លោក ហ៊ុន សែន បែបនេះថា គ្រាន់តែជាការភ័យស្លន់ស្លោខ្លាចពលរដ្ឋមិនទៅបោះឆ្នោត ធ្វើឲ្យលោកមិនបានឡើងកាន់អំណាចបន្តទៅទៀតតែប៉ុណ្ណោះ៕

No comments