សហគមន៍ខ្មែរកម្ពុជាក្រោម រៀបចំទិវាកាន់ទុក្ខខួបទី ៦៩ នៃថ្ងៃបាត់បង់ទឹកដីទៅវៀតណាម
ភ្នំពេញៈ សហគមន៍ខ្មែរកម្ពុជាក្រោមមាន ព្រះសង្ឃ និងពលរដ្ឋជាង ៧០០ អង្គ/នាក់នៅថ្ងៃទី ៤ ខែមិថុនានេះ បានរៀបចំទិវាកាន់ទុក្ខខួបទី ៦៩ នៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមទៅប្រទេសវៀតណាម ដោយបានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ ពិសេសថ្នាក់ដឹកនាំគ្រប់គណបក្ស ត្រូវរួបរួមគ្នាការពារទឹកដីនិងចូលរួមស្រាវជ្រាវប្រវត្តិសាស្ត្រដ៏សែនឈឺចាប់នេះ ខណៈបារាំងបានយល់ព្រមផ្តល់ឯកសារមកឲ្យកម្ពុជា។
ការប្រារព្ធទិវានេះ បានធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការយាងជាព្រះរាជាអធិបតីពីសំណាក់ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ អង្គការសមាគមខ្មែរកម្ពុជាក្រោម យុវជន និងពលរដ្ឋ ដោយមានការរាប់បាត្រព្រះសង្ឃ ១៩៤៩ អង្គផងដែរ។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានថ្លែងថា ថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ជាថ្ងៃដែលអាណានិគមនិយមបារាំងបានអនុម័តច្បាប់កាត់ផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមត្រួតត្រាបន្តមកដល់សព្វថ្ងៃដោយមិនខ្វល់ពីប្រជារាស្ត្រខ្មែរម្ចាស់ស្រុក និងព្រះមហាក្សត្រឡើយ ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ និងត្រូវប្រុងប្រយ័ត្ន កុំឲ្យដានប្រវត្តិសាស្ត្រដ៏អាក្រក់នេះវិលមករកខ្មែរជាថ្មី។
លោកបានបន្តថា៖ «ខ្ញុំសូមស្នើគ្រប់គណបក្ស បើគិតពីរឿងជាតិ សូមគិតទាំងអស់ មិនមែនគិតតែកម្ពុជា ហើយកម្ពុជាក្រោមទុកដាច់ដោយឡែកនោះទេ ព្រោះខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាល ជាខ្មែរតែមួយ បើយើងរួបរួមគ្នា យួនមិនអាចយកទឹកដីយើងបានទៀតទេ»។
លោក សឺន ជុំជួន នាយកកម្មវិធីសហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍បានថ្លែងថា ចាប់តាំងពីទឹកដីកម្ពុជាក្រោមធ្លាក់ចូលក្នុងកណ្តាប់ដៃវៀតណាមមក អាជ្ញាធរវៀតណាមបានប្រើគ្រប់មធ្យោបាយដើម្បីរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរយ៉ាងសាហាវបំផុត។
លោកបញ្ជាក់ថា៖«យើងនៅតែបន្តទាមទារឲ្យភាពរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិមនុស្សនិងផ្ដល់សិទ្ធិសេរីភាពរស់រានមានជីវិត។ យើងនឹងមិនបោះបង់ចោលការទាមទារនេះទេ ហើយក៏បន្តប្រារព្ធធ្វើកម្មវិធីនេះជារៀងរាល់ឆ្នាំ»។
បើតាម លោក ថាច់ សេដ្ឋា រដ្ឋាភិបាលបារាំងបានអនុញ្ញាតឲ្យលោកទៅស្រាវជ្រាវយកឯកសារពាក់ព័ន្ធនឹងការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមជាង៥០០០ ទំព័រ នៅបណ្ណាសារដ្ឋានជាតិបារាំង ដោយត្រូវចំណាយថវិកាចំនួន ១៦០០០ អឺរ៉ូ ប៉ុន្តែរាជរដ្ឋាភិបាល និងរដ្ឋសភា ហាក់មិនអើពើជួយដល់បញ្ហានេះទេ បើទោះជាមានការស្នើសុំជំនួយក៏ដោយ។
ទឹកដីខ្មែរកម្ពុជាក្រោម ដែលអាណានិគមនិយមបារាំង បានកាត់ផ្ទេរទៅឲ្យវៀតណាមត្រួតត្រា កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៤៩ នោះ មានទំហំ ៦៨៩៦៥ គីឡូម៉ែត្រការ៉េស្មើនឹង២១ ខេត្ត ដែលមានពលរដ្ឋរស់នៅជាង១៤លាននាក់ មានវត្តព្រះពុទ្ធសាសនាចំនួន ៥៦៧ វត្ត មានព្រះសង្ឃខ្មែរគង់នៅជាង ២ ម៉ឺនអង្គ៕
ប្រភពពី៖Phnom Phen Post
No comments