News

Breaking News

ព្រឹទ្ធសភា​នឹង​លើក​យក​ច្បាប់​​សញ្ជាតិ​ថ្មី​មក​ជជែក​ដើម្បី​អនុម័ត​បន្ត​នៅ​ថ្ងៃ​ទី​១១ មិថុនា

លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ចូលរួម​​ពិនិត្យ និង​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នា​វិមាន​ព្រឹទ្ធសភា ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។


ព្រឹទ្ធសភា នឹង​លើក​យក​ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ ដែល​រដ្ឋសភា​ជាតិ​ទើប​អនុម័ត​រួច មក​ធ្វើ​ការ​ជជែក​វែកញែក ដើម្បី​អនុម័ត​បន្ត នៅ​ថ្ងៃ​ចន្ទ ទី​១១ មិថុនា ស្អែក​នេះ ក្រោម​អធិបតីភាព​របស់ លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា មុននឹង​សម្រេច​បញ្ជូន​ច្បាប់​ថ្មី​នេះ ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ពិនិត្យមើល​អំពី​ធម្មនុញ្ញភាព​ដើម្បី​ដាក់​ឲ្យ​ព្រះមហាក្សត្រ ឡាយ​ព្រះ​ហស្ថលេខា។
សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​០៨ មិថុនា ឲ្យ​ដឹង​ថា ព្រឹទ្ធសភា កំណត់​យក​ថ្ងៃ​ទី​១១ មិថុនា ស្អែក​នេះ បើក​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៤ របស់​ខ្លួន ដើម្បី​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​របៀបវារៈ​ចំនួន៤។ របៀបវារៈ​ទាំង ៤​នោះ រួមមាន​៖ ការពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី ការរៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈរដ្ឋមន្ត្រី សេចក្ដីព្រាងច្បាប់​ស្ដីពី​សញ្ជាតិ សេចក្ដីព្រាងច្បាប់​ស្ដីពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​បង្កើត​អង្គការ​សហប្រតិបត្តិ​ការ​ព្រៃឈើ​អាស៊ី និង​សេចក្ដីព្រាងច្បាប់​វិសោធនកម្ម ច្បាប់​ស្ដីពី​ការគ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ។
រដ្ឋសភា​នៃ​របប​ក្រុងភ្នំពេញ បាន​អនុម័ត​ជា​ផ្លូវការ សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​១០ របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៣១ ឧសភា ដោយ​ចំនួន ១១២​សំឡេង លើ ១២៣ សំឡេង។ សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ មាន​១០​ជំពូក និង​ចែកចេញជា ៣៨មាត្រា។ បើ​តាម​សេចក្ដីថ្លែងហេតុ ច្បាប់​នេះ​មាន​គោលដៅ​ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួល​បាន និង​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ។ សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នេះ​រួមមាន ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ដោយ​ការ​ស្មុំ​កូន​ពេញលេញ ដោយ​ចំណង​អាពាហ៍ពិពាហ៍ និង​ដោយ​សញ្ជាតូបនីយកម្ម។ ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ រង​ការ​រិះគន់​ថា ធ្វើឡើង​ដោយ​ពុំ​មាន​ការពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំទូលាយ​ជាមួយ​ពលរដ្ឋ និង​សង្គម​ស៊ីវិល ព្រមទាំង​ហាក់​មាន​លក្ខណៈ​ជា​ការ​សម្ងាត់ និង​ថា​អាច​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​ថ្មី​មួយទៀត​សម្រាប់​អនាគត​កម្ពុជា៕
ប្រភពពី៖RFA

No comments