"ក្រុមហ៊ុនរ៉ែ និងរបបលោក ហ៊ុន សែន ត្រូវទទួលខុសត្រូវការស្លាប់របស់ពលរដ្ឋពុលទឹកនៅខេត្តក្រចេះ"
ថ្នាំគីមីហ្សានីដ (Cyanide) ដែលគេប្រើសម្រាប់ចម្រាញ់រ៉ែមាស។
ការស្រាវជ្រាវរកមូលហេតុ ករណីពុលទឹកព្រែកទេរនៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរីដែលបណ្ដាលឱ្យពលរដ្ឋជិត ២០នាក់ស្លាប់ និងរាប់រយនាក់ឈឺ នៅតែជាចំណុចរសើប ដែលរបបលោក ហ៊ុន សែន ព្យាយាមរកមធ្យោបាយឱ្យសាធារណជនបំភ្លេចរឿងនេះដោយគ្រាន់តែផ្អែកលើរបាយការណ៍កន្លះទំព័រ របស់រដ្ឋមន្ត្រី៣ក្រសួងដែលថា ការសម្លាប់ និងពុលរបស់ពលរដ្ឋដោយសារតែស្រាស និងថ្នាំសម្លាប់ស្មៅ និងសត្វល្អិត ទោះបីរដ្ឋមន្ត្រីម្នាក់អះអាងថា ការពុលទឹកបណ្ដាលឱ្យក្រុមហ៊ុនចិនបង្ហូរកាកសំណល់ជាតិគីមីចូលទឹកអូរពលរដ្ឋក៏ដោយ។ របបលោក ហ៊ុន សែនមិនទាន់បានស្វែងរកជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសនៅឡើយទេ ប៉ុន្តែ លោក ហ៊ុន សែនបែរជាអួតរឿង សមាគមចិនផ្តល់ប្រាក់ចំនួន ៨ម៉ឺនដុល្លារ ដើម្បីសាងសង់អណ្ដូងទឹកជូនពលរដ្ឋរងគ្រោះ ពុលទឹកព្រែកនិងអូរទៅវិញ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរងគ្រោះដោយសារពុលទឹកព្រែកទេរ នៅខេត្តក្រចេះ និង ខេត្តមណ្ឌលគិរី នៅតែបន្តទាមទារឱ្យមានការទទួលខុសត្រូវ ករណីពលរដ្ឋ ១៨នាក់ស្លាប់ និងជាង ៣រយនាក់ ធ្លាក់ខ្លួនឈឺ ដោយសារប្រើប្រាស់ទឹកព្រែកទេរ មានសារធាតុពុល។ អ្នកភូមិរងគ្រោះពុលទឹកព្រែកនៅតែភ័យព្រួយ ពីសុខុមាលភាពរស់នៅ និងសុខភាពសាធារណៈ នៅពេលអនាគត ត្បិតរបប លោក ហ៊ុន សែន មិនទាន់រកអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់នៅឡើយ និងព្យាយាមរកលេស លាក់បាំងការពិត ដើម្បីបញ្ចប់ការស៊ើបអង្កេត។
ពលរដ្ឋរស់នៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឱ្យដឹងនៅថ្ងៃទី២៩ ឧសភា ថា ក្រុមហ៊ុនចិន ពុំមែនធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ចុងផ្លាស់មួយកន្លែងនោះទេ គឺមានទីតាំងធំមួយកន្លែងផ្សេងទៀត នៅតំបន់ភ្នំគូស ចំណុចអូរគគីរ ឃុំស្វាយជ្រះ ស្រុកស្នូល ខេត្តក្រចេះ។ លោកថា តំបន់នោះ មានទីតាំងអាជីវកម្មរ៉ែមាស និងរ៉ែត្បូងច្រើនឆ្នាំមកហើយ។ លើសពីនេះ អាជីវកម្មរ៉ែមាសនោះ មានការយាមកាមតឹងរ៉ឹង មិនអនុញ្ញាតឱ្យមនុស្សមិនស្គាល់មុខចេញចូលនោះទេ។ លោកអះអាងថា អ្នកភូមិដែលបានទៅដល់ទីតាំងអាជីវកម្មរ៉ែមាសនៅតំបន់នោះ ប្រទះឃើញ ក្រុមហ៊ុនចិន បង្ហូរកាកសំណល់គីមីចូលអូរគគីរ ជាប់និងព្រែកទេរ៖ «ចំណុចកន្លែងចិនធ្វើនៅកន្លែងភ្នំគូស ក៏ខ្លាំងដែរធំណាស់។ ពលរដ្ឋយើងចូលមិនបាន។ ធ្វើអ៊ីចឹងបានពលរដ្ឋយើងលំបាកវេទនា។ ខ្ញុំដូចលំបាក»។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយលើកឡើងថា ករណីពុលទឹកព្រែកទេរ នៅខេត្តក្រចេះ គឺបណ្ដាលមកពីស្រាស និងថ្នាំសម្លាប់ស្មៅ។ លោក ហ៊ុន សែន បានបន្ទោសធ្ងន់ៗ លើរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ ដែលថ្លែងប្រាប់អ្នកកាសែតមុនពេលដែលរបាយការណ៍មិនទាន់ដល់ដៃលោក ថា ករណីស្លាប់មនុស្សនិងឈឺ ដោយសារតែក្រុមហ៊ុនរ៉ែដែលបង្ហូរកាតសំណល់ជាតិគីមីក្នុងប្រភពទឹកពលរដ្ឋ។ លើសពីនេះ លោក ហ៊ុន សែន បានថ្លែងកាន់ជើង ក្រសួងសុខាភិបាល ដែលបានតាមដានហេតុការណ៍នេះតាំងពីដំបូង និងបានយកឈាមពលរដ្ឋរងគ្រោះទៅពិនិត្យនៅប្រទេសសិង្ហបុរី រកឃើញថា ពលរដ្ឋស្លាប់ និងធ្លាក់ខ្លួនឈឺ គ្មានសារធាតុជាតិហ្សានីដ (Cyanide) ក្នុងឈាមទេ៖ «ន៥ហតឯកឧត្ដមចម ប្រសិទ្ធិ ម្សិលថា របាយការណ៍ជូនទៅសម្ដេច។ ឯកឧត្ដមមានបានគោរពខ្ញុំទេនៅពេលរបាយការណ៍មកខ្ញុំ ឯកឧត្ដមបាននិយាយជាមួយអ្នកកាសែត។ តើឯកឧត្ដមមានបានគោរពខ្ញុំទេ នៅពេលរបាយការណ៍មកដល់ខ្ញុំ ឯកឧត្ដមនិយាយជាមួយអ្នកកាសែត»។
កាលពីថ្ងៃទី៧ ឧសភា មន្ទីរសុខាភិបាលខេត្តក្រចេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញថា មានសារធាតុគីមីក្នុងស្រាស និងក្នុងទឹកព្រែកទេរ នៅខេត្តក្រចេះ ដែលបង្កឱ្យមនុស្ស ១៣នាក់ស្លាប់ និង ២៨០នាក់ ឈឺ ក្នុងនោះកុមារ ៦៩នាក់។ សេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឱ្យពលរដ្ឋរងគ្រោះ និង អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកខ្លះប្រតិកម្ម ដោយលើកហេតុផលថា តើកុមារ ៦៩នាក់ធ្លាក់ខ្លួនឈឺ ពិតជាពុលស្រាស ដែលមានជាតិមេតាណុល ឬយ៉ាងណា?
ប៉ុន្តែលោក ចម ប្រសិទ្ធិ ថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃទី១៧ ឧសភា ថា មន្ត្រីជំនាញបានចុះតាមដានដល់ទីតាំងប្រភពអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគិរីរកឃើញ ធុងថ្នាំហ្សានីដ នៅកន្លែងរុករករ៉ែមាសនៅតំបន់នោះ។ លោកថា អ្នកប្រើសារធាតុគីមីហ្សានីដ មិនបានប្រើប្រព័ន្ធប្រតិកម្មការពារតាមលក្ខណៈបច្ចេកទេសនោះទេ ហើយនៅគ្រាដែលភ្លៀងធ្លាក់មក សារធាតុគីមីនោះបានហៀរចេញពីផ្ទៃអាង ហូរចូលទឹកព្រែក និងអូរធម្មជាតិ។ លោកថា មន្ត្រីជំនាញបានធ្វើការតាមដាន ពីឥទ្ធិពលសារជាតិហ្សានីដទាំងនោះ រហូតដល់ទន្លេមេគង្គ៖ «មានអាជ្ញាប័ណ្ណ តែឃើញតែធុងហ្សានីដនៅហ្នឹងទៀត។ ពួកនេះប្រើហើយ អត់មានប្រព័ន្ធការពារទេ ដល់ពេលភ្លៀងមក អាងប្រតិកម្មដែលស្តុកវាមិននៅហ្នឹងទេ វាហូរចូលទឹក»។
យ៉ាងណាអ្នកឃ្លាំមើលបរិស្ថាន បានចាត់ទុកការលើកឡើងរបស់លោក ចម ប្រសិទ្ធ មានហេតុផលច្បាស់លាស់ និងមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ ដែលចាត់ទុកថា ជាមូលដ្ឋាន ស្វែងរកអ្នកពាក់ព័ន្ធមកទទួលខុសត្រូវតាមច្បាប់ និងផ្ដល់សំណងដល់ជនរងគ្រោះ។ ក៏ប៉ុន្តែក្រោយមក ទំនងមានសម្ពាធពីលោក ហ៊ុន សែន របាយការណ៍ស្រាវជ្រាវរបស់ លោក ចម ប្រសិទ្ធ បែរជាខ្ទាតចេញពីលទ្ធផលប្រកាសរួមគ្នាមួយកាលពីថ្ងៃទី២៤ ឧសភា ដោយរកឃើញ ពលរដ្ឋពុលបង្កឱ្យស្លាប់ និងឈឺ គឺបណ្ដាលមកពីស្រាស ដែលលក់នៅមូលដ្ឋានមានសារធាតុមេតាណុលកម្រិតខ្ពស់ និងការពុលទឹកព្រែកទេរ មានសារធាតុគីមី បណ្ដាលមកពីថ្នាំសម្លាប់ស្មៅ និងសត្វល្អិត។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ចង់ឃើញមានការទទួលខុសត្រូវច្បាស់លាស់ និងចាត់ទុកករណីពុលទឹកព្រែក និងអូរ គឺជារឿងសំខាន់ ដែលទាមទារឱ្យរបបក្រុងភ្នំពេញមានវិធានការដោះស្រាយឱ្យបានត្រឹមត្រូវ។ លោកចាត់ទុកថា លទ្ធផលស្រាវជ្រាវរបស់ក្រសួងពាក់ព័ន្ធ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយលោកទទូចឱ្យមានការស៊ើបអង្កេតបន្តទៀត ដើម្បីទប់ស្កាត់កុំឱ្យបញ្ហានេះកើតឡើងដដែលៗ៖ «ការពុលបន្តបន្ទាប់ មិនទាន់រកឃើញមូលហេតុតាមបែបវិទ្យាសាស្ត្រមិនច្បាស់ដែរ។ ការឆ្លើយតបឱ្យសារធារណជន អាចទទួលយកបានគឺជាការផ្ដល់ភាពកក់ក្ដៅឱ្យពលរដ្ឋដែរ»។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) សំណូមពរទទូចឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការនាំចូលសារធាតុ ហ្សានីដ ពីក្រៅប្រទេស និងការចែកចាយសារធាតុប្រភេទនេះ ព្រោះវាមានគ្រោះថ្នាក់បំផុតប៉ះពាល់ បរិស្ថាន ជីវិតមនុស្ស សត្វ និងប្រព័ន្ធជីវចម្រុះក្នុងទឹក។ លោករកឃើញថា សារធាតុហ្សានីដ អាចនាំចូលពីក្រៅប្រទេសទាំងស្របច្បាប់ និងខុសច្បាប់ ហើយការនាំចូលនោះទៀតសោត គឺក្រុមហ៊ុនចិនបានបង់លុយឱ្យមន្ត្រីច្រកព្រំដែន និងមន្ត្រីគយជាដើម។ លោកពន្យល់ថា នៅប្រទេសមួយចំនួនលើពិភពលោក ដូចជាប្រទេស អូស្ត្រាលីជាដើម រដ្ឋាភិបាលអូស្ត្រាលីមានច្បាប់គ្រប់គ្រងសារធាតុហ្សានីដ និងយន្តការការពារច្បាស់លាស់ ហើយក្រុមហ៊ុនរុករករ៉ែ គឺតែងតែប្រុងប្រយ័ត្នខ្ពស់ នៅពេលសារធាតុប្រភេទនេះចម្រាញ់រ៉ែមាស៖ ឃើញថា សារធាតុហ្សានីដ នៅអូស្ត្រាលី គេមានច្បាប់គ្រប់គ្រងច្បាស់លាស់ និងយន្តការគ្រប់គ្រង ហើយក្រុមហ៊ុនគេប្រើប្រុងប្រយ័ត្នមែនទែន តែនៅខ្មែរនាំចូលខុសច្បាប់ផង រុករករ៉ែមាសកំពុងធ្វើអាជីវកម្មប្រើប្រាស់ហូរតាមព្រែក រដ្ឋាភិបាលមិនដឹងទៅ នាំឱ្យមនុស្សស្លាប់តែម្ដង»។
លោក អាឡិក សម្ដែងការភ្ញាក់ផ្អើល គ្រាដែលសមាគមចិន បានផ្ដល់ថវិកាឱ្យរបបលោក ហ៊ុន សែន ៨ម៉ឺនដុល្លារ ដើម្បីកសាងអណ្ដូងទឹកជូនពលរដ្ឋរងគ្រោះដោយសារពុលទឹកព្រែកទេរ នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ លោកមានមន្ទិលថា ហេតុអ្វីបានជាសមាគមចិនផ្ដល់ថវិកាយ៉ាងច្រើនឱ្យរបបក្រុងភ្នំពេញ ប្រសិនបើប្រជាជនចិនមិនជាប់ពាក់ព័ន្ធករណីពុលស្លាប់នៅក្រចេះនោះទេ៖ «អ្វីដែលយើងមានក្នុងដៃគឺពាក្យសម្ដីរបស់លោក ហ៊ុនសែន និងឯកសារមិនដល់កន្លះទំព័រ។ បើរដ្ឋាភិបាលមិនប្តូរឥរិយាបថ រឿងនេះនឹងក្លាយជាករណីវិបត្តិជាតិទាំងមូល»។
អ្នកឃ្លាំមើលបរិស្ថានពន្យល់ថា ការប្រើសារធាតុហ្សានីដ (Cyanide) ចម្រាញ់យករ៉ែ មានគ្រោះថ្នាក់ខ្លាំងដល់ការបំពុលទឹក ប្រសិនបើវាហូរចូលក្នុងទឹក វានឹងតោងជាប់ដីល្បាប់ និងមែកឈើ ជីវចម្រុះ ក្នុងទឹកជាដើម។ លើសពីនេះ សារធាតុនេះ វាតោងជាប់ ត្រី ខ្យង គ្រុំ និងសារាយ ហើយមនុស្សបានចាប់ត្រីមកបរិភោគនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ ចំណែកទឹកអូរ និងព្រែក ដែលមានជាតិពុល ក្រសួងត្រូវតែផ្អាកឱ្យពលរដ្ឋឈប់ប្រើប្រាស់រយៈពេល ៧ ទៅ ១០ ឆ្នាំ ទើបសារធាតុនេះរលាយចូលក្នុងទឹកអស់។
សហគមន៍ជនជាតិដើមភាគតិចរស់នៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រជុំពិភាក្សាគ្នា ប្តឹងក្រុមហ៊ុនចិន រ៉ុង ឆេង ឱ្យទទួលខុសត្រូវតាមផ្លូវច្បាប់ ក្រោយពីក្រុមហ៊ុននេះបានឃុបឃិតគ្នា ជាមួយអាជ្ញាធរពាក់ព័ន្ធ បើកអាជីវកម្មរ៉ែមាសខុសច្បាប់ បណ្ដាលសត្វពាហនៈអ្នកភូមិងាប់ជាច្រើនក្បាល។ រីឯទឹកអូរមានជាតិពុលប្រើប្រាស់មិនបាន គឺជាមូលហេតុនាំឱ្យជនជាតិដើមភាគតិចគ្មានប្រភពទឹកប្រើប្រាស់។ តែយ៉ាងណា ពួកគេខ្លាចអាជ្ញាធរមូលដ្ឋាន និងនគរបាល គំរាមកំហែង និងរឹតត្បិតមិនឱ្យដាក់ពាក្យបណ្ដឹងរឿងនេះ៕
ប្រភពពី៖RFA
No comments