News

Breaking News

ក្រុម​មន្ត្រី​ចុះ​ពិនិត្យ​ទីតាំង​អណ្ដូងរ៉ែ​ ដែល​បង្ក​ការពុល

មណ្ឌលគិរីៈ ក្រុម​អធិការកិច្ច​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ​រួម​ជាមួយ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​បាន​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​អណ្ដូងរ៉ែ​មាស​ក្រុមហ៊ុន រ៉ុង ឆេង នៅ​ភូមិ​ពូទុង ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ដោយ​សង្ស័យ​ថា លួច​បង្ហូរ​សារធាតុ​ស្យានីដ​ចូល​ក្នុង​ទឹកអូរ​ធម្មជាតិ​ដែល​បង្ក​ឲ្យ​ពុល​ស្លាប់​មនុស្ស​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ដើម​ខែ​នេះ​។ នេះ​បើ​តាម​មន្ត្រី​មូលដ្ឋាន​។

ស្យានីដ ជា​សារ​ធាតុគីមី​ម្យ៉ាង​​ដែល​គេ​ប្រើ​សម្រាប់​បន្សុទ្ធ​ ឬ​លាង​សម្អាត​មាស​។ ប៉ុន្តែ​សារធាតុ​នេះ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ​ជា​ខ្លាំង​ដែល​​អាច​ធ្វើឲ្យ​ស្លាប់​ភ្លាមៗ​បាន​។
លោក​ ស៊ុន ប៊ុនធឿន ​អធិការ​​ស្រុក​កែវសីមា​បាន​ថ្លែង​ថា​មន្ត្រី​​ជំនាញ​បាន​ប្រមូល​យក​សំណាក​រួម​ទាំង​ទឹក​នៅ​ការដ្ឋាន​​អណ្ដូងរ៉ែ​មាស​យក​ទៅ​ពិសោធ​ ​ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​ចំនួន​ការដ្ឋាន​ដែល​កំពុង​ប្រតិបត្តិការ​យក​រ៉ែ​មាស​ទាំង​អត់​ច្បាប់ និង​មាន​ច្បាប់​ទេ​។
លោក​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​មាន​​ការដ្ឋាន​អណ្ដូងរ៉ែ​មាស មាន​ច្បាប់​ ឬ​ឥត​ច្បាប់​ប៉ុន្មាន​ទេ​ហើយ​​ក៏​មិន​ដឹង​ថា អ្នក​ជីក​មាស​ទាំងនោះ​គេ​ប្រើ​សារធាតុ​គីមី​អ្វី​ដែរ​​នៅ​ទី​នោះ ព្រោះ​វា​មិនមែន​ជា​ជំនាញ​របស់​យើង​ខ្ញុំ​ទេ​»​។
កាលពី​ដើម​ខែ​នេះ​ពលរដ្ឋ​​នៅ​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​ប្រមាណ​ ៣០០ ​នាក់​បាន​កើត​អាការ​ចម្លែក​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ និង​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ​ហើយ​មាន​ឲ្យ​អ្នក​ជំងឺ​ ១៤ ​នាក់​បាន​ស្លាប់​។ មូលហេតុ​​នៃ​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​​ថា​មកពី​ពុល ស្រា និង​ទឹក​។
ប៉ុន្តែ​នៅ​ពេល​ករណី​ពុល​ទឹក​នេះ​​រាលដាល​ដល់​ខេត្ត​មណ្ឌលគិរី​​ទើប​ក្រុម​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​បន្ថែម​ក៏​ប្រទះ​ឃើញ​សារធាតុ​ស្យានីដ​ក្នុង​ទឹក​តែ​ម្ដង​។
រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ កាលពី​ថ្ងៃ​ទី​ ១៧ ខែ​ឧសភា​ថ្មីៗ​នេះ​ក៏​បាន​ប្រកាស​ពី​ការរកឃើញ​សារធាតុ​ស្យានីដ​នៅ​ការដ្ឋាន​អណ្ដូងរ៉ែ​មាស​ខេត្ត​មណ្ឌលគិរី​ផង​ដែរ​។ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ភាពស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​​នៃ​ការធ្វើ​អាជីវកម្ម​នោះ​ទេ​។
ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ដែល​ចូលរួម​ស្រាវជ្រាវ​ម្នាក់​សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សារធាតុ​ស្យានី​ដដែល​​ត្រូវ​បាន​រកឃើញ​នោះ​គឺ​នៅក្នុង​បរិវេណ​ការដ្ឋាន​អណ្ដូងរ៉ែ​មាស​របស់ «​ក្រុមហ៊ុន រ៉ុង ឆេង​»​។
ជុំវិញ​សារធាតុ​ស្យានីដ​នេះ​​មន្ត្រី​អភិរក្ស​សត្វព្រៃ​នៅ​ក្នុង​​ខេត្ត​មណ្ឌលគិរី​ក៏​បាន​សម្ដែង​ក្ដីបារម្ភ​ផង​ដែរ ចំពោះ​កិច្ច​គាំពារ​​សត្វព្រៃ​ប្រសិន​បើ​ក្រុមហ៊ុន​​អាជីវកម្ម​អណ្ដូងរ៉ែ​មាស នៅ​តែ​ប្រើប្រាស់​សារធាតុ​ប្រភេទ​នេះ​ដោយ​គ្មាន​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​រៀបចំ​ធ្វើ​ជា​​អាង​ស្តុក​ដើម្បី​បន្សាប​ជាតិពុល​មុន​ពេល​បង្ហូរ​ចេញ​ទៅ​តាម​ប្រព័ន្ធ​ព្រែក​ ឬ​អូរ​ធម្មជាតិ​។
លោក គង់ ពុទ្ធីរ៉ា ប្រធាន​គម្រោង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​បាន​លើក​ឡើង​ថា​៖ «​ថ្វីបើ​ពេល​នេះ​ពុំ​ទាន់​មាន​ផ្ទុះ​​ករណី​សត្វ​ព្រៃ​ក្នុង​ដែន​ជម្រក​​របស់​យើង​ងាប់​ក្ដី ប៉ុន្តែ​ប្រសិន​​បើ​សារធាតុ​ស្យានីដ​នេះ​នៅ​តែ​ត្រូវ​បាន​គេ​បន្ត​បង្ហូរ​ចូល​ទៅ​​ក្នុង​ប្រព័ន្ធ​ទឹកព្រែក និង ទឹកអូរ​​ធម្មជាតិ​នោះ វា​នឹង​បង្ក​ឲ្យ​​មាន​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ដល់​គម្រោង​អភិរក្ស​សត្វព្រៃ​របស់​យើង​»​។
លោក​បាន​បន្ថែម​ថា​ជា​ធម្មតា​នៅ​រដូវភ្លៀង​ធ្លាក់ សត្វព្រៃ​ភាគច្រើន​បាន​បំផ្លាស់​ទី​ទៅកាន់​​តំបន់​ខ្នងភ្នំ ឬ​ទៅ​ទីខ្ពស់ ដើម្បី​​ងាយស្រួល​ក្នុង​ការ​គេច​ចេញ​ពី​គ្រោះ​ទឹកជំនន់​ដោយ​វា​អាច​រក​ផឹកទឹក​សន្សើម និង​ទឹក​ដែល​មាន​ដក់​នៅក្នុង​ត្រពាំង​ឬ ថ្លុក​​នៅ​ក្បែរ​ជើងភ្នំ​។ ប៉ុន្តែ​បើ​នៅ​ក្នុង​រដូវប្រាំង​វិញ ពួក​សត្វព្រៃ​ទាំង​​នោះ​នឹង​ធ្វើ​បំផ្លាស់​ទី​មកកាន់​តំបន់​ជាប់​មាត់​អូរ មាត់​ព្រែក ដើម្បី​រក​ទឹក​ផឹក ហើយ​ប្រសិន​​បើ​ទឹកអូរ​ ឬ​ក៏​ទឹក​ព្រែក​មាន​សារធាតុ ស្យានីដ នោះ​ពួក​វា​នឹង​ត្រូវ​ប្រឈម​ទៅ​នឹង​ជំងឺ​ផ្សេងៗ​ ឬ​មួយ​អាច​ងាប់​ផុត​​ពូជ​អស់​ជា​ពុំខាន​។
ជុំវិញ​ករណី​នេះ​លោក អ៊ុន ឈាងលឹម ប្រធាន​សមាគម​​ដី​រ៉ែ​មាស​ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ពូទុង ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ថា ការធ្វើ​អាជីវកម្ម​អណ្ដូងរ៉ែ​មាស​នៃ​សមាជិក​សមាគម​របស់​លោក​ពុំ​មាន​ប្រើប្រាស់​​សារធាតុ​គីមី​អ្វី​ទេ រួម​ទាំង​ស្យានីដ​ផង​ដែរ​។
លោក​បាន​បញ្ជាក់​ថា​៖ «​ពួកយើង​ជីកដី​រ៉ែ​មាស​យក​មក​រែង​ក្នុង​ទឹក​ធម្មតា​ប៉ុណ្ណោះ ពុំ​ដែល​​ចេះ​ប្រើ​សារធាតុ​គីមី​អី​នោះ​ទេ ព្រោះ​យើង​ចេះ​រក​របរ​នេះ​ពី​​ដូនតា​យើង​តៗ​គ្នា​មក​»​។
ទោះ​ជា​បែប​ណា​ក្ដី ការ​ចុះ​​ត្រួតពិនិត្យ​នៅ​ទីតាំង​ការដ្ឋាន​​រុករក​រ៉ែ​មាស​ដោយ​អន្តរក្រសួង​នេះ​នៅ​មិន​ទាន់​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​​របាយការណ៍​សំយោគ​នៃ​ការចុះ​ត្រួតពិនិត្យ​នេះ​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​​នេះ​។ នេះ​បើ​តាម​លោក យស មុនីរ៉ាត់ អ្នក​នាំពាក្យ​ក្រសួង​​រ៉ែ និង​ថាមពល​បញ្ជាក់​កាលពី​ម្សិលមិញ​៕

No comments