លោក ស ខេង គំរាមដាក់ទោសអ្នកដែលអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្រោយបិទបញ្ចប់កិច្ចប្រជុំស្ដីពីស្ថានភាពពន្ធនាគារ នាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ មករា ឆ្នាំ២០១៦។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច បន្តគំរាមកំហែងចំពោះអ្នកដែលអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត។
ការព្រមាននេះធ្វើឡើងជាបន្តបន្ទាប់ ខណៈអតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរ នៅក្រៅប្រទេស ទូរស័ព្ទប្រាប់សាច់ញាតិនៅក្នុងស្រុក កុំឱ្យនាំគ្នាទៅបោះឆ្នោត ព្រោះគ្មានបក្សប្រឆាំងចូលរួម និងចាត់ទុកជាការបោះឆ្នោតក្លែងក្លាយ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ កក្កដាខាងមុខ ហើយលោកព្រមានថា អ្នកដែលញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺល្មើសច្បាប់ ត្រូវប្រឈមនឹងទោសទណ្ឌ៖ «ការអំពាវនាវឱ្យបងប្អូន មន្ត្រីរាជការ ប្រជាពលរដ្ឋ ទៅបោះឆ្នោត គឺជារឿងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការបោះឆ្នោត ផ្ទុយទៅវិញអ្នកដែលអំពាវនាវ ញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនាពេលខាងមុខនេះ គឺជាអំពើល្មើសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត»។
លោក ស ខេង ថ្លែងព្រមានបែបនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី នៃសាលាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា នេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏បានព្រមានម្ដងរួចមកហើយដែរថា ក្រសួង មហាផ្ទៃ នឹងប្ដឹងអ្នកឃោសនា មិនឱ្យពលរដ្ឋទៅបោះឆ្នោត ទៅតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ជនទាំងនោះ។ លោកថា មូលហេតុ ដែលប្ដឹងរឹបអូសទ្រព្យសម្បត្តិបែបនេះ ព្រោះក្រុមអ្នកធ្វើ សកម្មភាពនេះគឺ កំពុងនៅក្រៅប្រទេស។
ប៉ុន្តែ ការព្រមានបែបនេះ ត្រូវបានអ្នកច្បាប់ និងអ្នកធ្វើការងារ ទាក់ទងការបោះឆ្នោត យល់ថា គឺជាការនិយាយហួសពីច្បាប់ចែង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានឱ្យអាស៊ីសេរីដឹងថា លោកមិនព្រួយបារម្ភចំពោះការព្រមានរឹបអូសទ្រព្យសម្បត្តិ ដោយសារការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតនោះទេ។
លោកចាត់ទុកវិធានការរឹបអូសទ្រព្យសម្បត្តិ ដែលរបបលោក ហ៊ុន សែន ព្រមាននៅពេលនេះ គឺមិនខុសគ្នាទៅនិងរបបខ្មែរក្រហមឡើយ៕
ប្រភព៖RFA
No comments