សង្គមស៊ីវិលថា មានចំណុចសង្ស័យចំពោះការពុលជាថ្មីទៀតលើពលរដ្ឋជិត១០០នាក់នៅក្រចេះ
ទឹកព្រែកទេរ ដែលពលរដ្ឋរស់នៅក្នុងភូមិចំនួន៤ ក្នុងឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ពុល។ រូបថតពីបណ្ដាញសង្គម មិនមានកាលរិច្ឆេទ
មន្ត្រីសង្គមស៊ីវិលហាក់ទាន់ស្ងប់អារម្មណ៍ ទាក់ទិនពលរដ្ឋ ៧៥នាក់ រស់នៅឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កើតអាការៈខុសប្រក្រតី ដែលមានការសង្ស័យថា ពុលនំប៉័ង។ ការលើកឡើងនេះក្រោយពីពលរដ្ឋ រស់នៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ជិត ១រយនាក់ បាននាំគ្នាមកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តក្រចេះ និងមណ្ឌលសុខភាព កាលពីយប់ថ្ងៃទី២៥ ឧសភា។
អាស៊ីសេរីបានព្យាយាមទាក់ទងអធិការស្រុកចិត្របុរី និងអភិបាល ស្រុកនេះ លោក ហង្ស ចាន់ឌី ដែរ តែទូរស័ព្ទហៅចូលជាច្រើនដង ពុំមានអ្នកទទួល។
ទោះជាយ៉ាងណាក៏ដោយអភិបាលស្រុករូបនេះ បានកាសែតក្នុងស្រុកថា មុនពេលកើតមានបាតុភាពនេះឡើង អ្នកភូមិ និងកុមារ បានបរិភោគនំប៉័ងដែលមន្ទីរកសិកម្មរបស់ខេត្តចុះ ផ្សព្វផ្សាយ ជូនពលរដ្ឋពីបច្ចេកទេសដាំឡូងមី ហើយបានចែកនំប៉័ងឲ្យពលរដ្ឋបរិភោគ។ លោកថា បន្ទាប់ពីពលរដ្ឋបរិភោគនំប៉័ងរួច ពួកគេមាន អាការៈពុល ក្អួតចង្អោរ និងរាគរួស ហើយបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត និងមួយចំនួននៅមណ្ឌលសុខភាព។
មន្ត្រីសង្គមស៊ីវិលនៅមិនទុកចិត្តចំពោះ តម្រុយនៃការរកឃើញរបស់អាជ្ញាធរជំនាញខេត្តក្រចេះនោះទេ ហើយការស្រាវជ្រាវរបស់មន្ទីរសុខាភិបាល គ្រាន់ជាការសន្និដ្ឋានបឋមប៉ុណ្ណោះ។
កន្លងទៅករណីពុលទឹកព្រែកទេរ បង្កឲ្យពលរដ្ឋជិត ២០នាក់ស្លាប់ និង ជាង ៣រយនាក់ធ្លាក់ខ្លួនឈឺ ក្រសួងចំនួន ៣ គឺក្រសួងចំនួន៣ បង្ហាញ ហេតុផលផ្សេងៗគ្នាហាក់គ្មានការទទួលខុសត្រូវ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា អាជ្ញាធរបានសន្និដ្ឋានលើការពុលនំប៉័ង ហាក់ដូចជាឆាប់រហ័សពេក ដែលលោកចាត់ទុកថា មានចំណុច មន្ទិលសង្ស័យលើហេតុផលផ្សេង។ លោកជំរុញឲ្យមានការស៊ើបអង្កេត និងសិក្សាឲ្យបានស៊ីជម្រៅលើបាតុភាពនេះ ពីព្រោះតំបន់នោះ មានជាប់ពាក់ព័ន្ធការវិនិយោគក្រុមហ៊ុនរុករករ៉ែ ដែលមានជាប់ពាក់ព័ន្ធ នឹងបញ្ហាពុលទឹកកាលពីពេលថ្មីៗនេះ៖ «អ៊ីចឹងវាជាទម្រង់មួយដែលវាចង់ឃើញថា ភាពថ្លាច្បាស់បែបវិទ្យាសាស្ត្របែបបច្ចេកទេស ជាជាងសន្និដ្ឋានលឿន ហើយលទ្ធផលចុងក្រោយពលរដ្ឋមិនស្ងប់ចិត្ត និងពលរដ្ឋភ័យខ្លាចក្នុងការរស់នៅប្រចាំថ្ងៃ»។
កាលពីថ្ងៃទី២៦ ឧសភា មន្ទីរសុខាភិបាលខេត្តក្រចេះ បានចេញរបាយការណ៍បឋមភ្លាមៗ ស្ដីពីការពុលចំណីអាហារ នៅឃុំចង្ក្រង់ ស្រុកចិត្របុរី បង្ហាញថា ពលរដ្ឋមានអាការៈ ឈឺពោះ ក្អួតចង្អោរ អស់កម្លាំង និងរាគរួស មានចំនួន ៧៥នាក់ ក្នុងនោះមានកុមារ ២៦នាក់។
ចាប់តាំងពីចុងឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននៅខេត្តក្រចេះ មានមនុស្សស្លាប់ជាង ៣០នាក់ និងជាង ៣០០នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីពលរដ្ឋពិសាស្រាស សាច់ឆ្កែដែលគេបំពុល ពុលត្រីកំពត ពុលទឹកក្រូច និងករណីពុលទឹកព្រែកទេរ ជាដើម៕
ប្រភពពី៖RFA
No comments