News

Breaking News

"របប​ក្រុង​ភ្នំពេញ​នឹង​គ្មាន​សង្ឃឹម​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ស៊ុយអែត​បន្ត​ទៀត​ឡើយ"

អគ្គរាជទូត​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ប្រទេស​ស៊ុយអ៊ែត អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) (ឆ្វេង) និង​​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​កម្ពុជា អ្នកស្រី អ៊ឹង កន្ថាផាវី នៅ​រាជធានី​ភ្នំពេញ នៅ​ខែ​តុលា ឆ្នាំ​២០១៧។
អ្នកវិភាគ​មើល​ឃើញ​ថា ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដូច​ពេល​បច្ចុប្បន្ន​នេះ នឹង​មិន​អាច​បន្ទន់​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ស៊ុយអែត ប្ដូរ​ចិត្ត​មក​បន្ត​ផ្ដល់​ជំនួយ ដល់​របប​លោក ហ៊ុន សែន តទៅទៀត​នោះ​ទេ។ ប៉ុន្តែ មន្ត្រី​បក្ស​កាន់អំណាច អះអាង​ថា ស្ថានភាព​នយោបាយ​ខ្មែរ​មិន​អាក្រក់​នោះ​ទេ និង​ស្នើ​កុំអាល​វាយតម្លៃ​សភាពការណ៍​ទុក​មុន​ដូច្នេះ ត្រូវ​រង់​ចាំ​មើល​បន្តិច​សិន។អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញ​ថា រដ្ឋាភិបាល​ស៊ុយអែត ច្បាស់​ជា​មិន​បន្ត​ផ្តល់​ជំនួយ​ដល់​របប​លោក ហ៊ុន សែន ក្នុង​ស្ថានភាព​នយោបាយ​អាក្រក់​បែបនេះនោះ​ឡើយ។ ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២៤ ខែ ឧសភា​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ការណ៍​ដែល​លោក​ហ៊ាន​និយាយ​ថា រដ្ឋាភិបាល​ស៊ុយអែត នឹង​មិន​ប្ដូរ​ចិត្ត រឿង​ឈប់​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នេះ គឺ​មកពី​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្សប្រឆាំង​ស្របច្បាប់ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។
ការ​លើកឡើង​បែបនេះ គឺ​ស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​ការបរទេស​ស៊ុយអែត កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែងយល់ អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន។ ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ អំពី​វត្តមាន​របស់​អគ្គនាយក​ទទួលបន្ទុក​កិច្ច​សហការ​អភិវឌ្ឍ​អន្តរជាតិ នៃ​ក្រសួងការបរទេស​ស៊ុយអែត លោក ចូហាណេស អូលីលុន (Johannes Oljelund) ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​នេះ​។ លោក ចូហាណេ​ស អូលីលុន បញ្ជាក់​ថា ការ​ចុះ​ទៅ​ប្រទេស​កម្ពុជា​នេះ គឺ​ដើម្បី​ស្វែងយល់ អំពី​ការ​វិវត្ត​ផ្នែក​នយោបាយ​នៅ​កម្ពុជា និង​ពិនិត្យមើល​គោលនយោបាយ​ផ្នែក​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ស៊ុយអែត។ លោក​អះអាង​ថា នេះ​ជា​ដំណាក់កាល ដែល​រដ្ឋាភិបាល​ស៊ុយអែត ត្រូវ​ពិនិត្យមើល​ឡើង​វិញ នូវ​គោលនយោបាយ​អភិវឌ្ឍ​របស់​ស៊ុយអែត និង​ថា​តើ​យើង​ត្រូវ​បន្ត​ជួយ​កម្ពុជា តទៅទៀត​ឬ​យ៉ាងណា ក្រោយ​ដំណាក់កាល​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្ដល់​ជំនួយ​នេះ ត្រូវ​បញ្ចប់​នៅ​ឆ្នាំនេះ៖ «ទស្សនកិច្ច​នេះ មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​រដ្ឋាភិបាល​ស៊ុយអែត ក្នុង​ការ​ពិចារណា ថា​តើ​ត្រូវ​បន្ត​ចូលរួម​ឲ្យ​បាន​ស៊ីជម្រៅ យ៉ាង​ដូចម្ដេច​តទៅទៀត ក្នុង​ប្រទេស​កម្ពុជា ព្រោះ​មាន​មូលហេតុ​ជាច្រើន ដែល​យើង​ព្រួយបារម្ភ អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​នេះ។ រឿង​នេះ យើង​ត្រូវ​យកចិត្តទុកដាក់ យ៉ាង​ប្រយ័ត្នប្រយែង​បំផុត។ យើង​ចង់​បន្ត​ជួយ​ដល់​សង្គម​កម្ពុជា រួមមាន​ជំនួយ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​តួអង្គ​ដែល​ជួយ​កិច្ចការ​សង្គម​ដទៃ​ទៀត»
រដ្ឋាភិបាល​ស៊ុយអែត កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បានសម្រេច​ផ្ដាច់​ជំនួយ​មួយ​ចំនួន ដែល​ធ្លាប់​ផ្ដល់​ឲ្យ​ប្រទេស​កម្ពុជា ដោយសារ​មិន​ពេញចិត្ត ទៅ​នឹង​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន ដែល​បំបិទ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ។ ជំនួយ​ដែល​ប្រទេស​ស៊ុយអែត កាត់ផ្ដាច់​ទាំងនោះ គឺ​ទុក​តែ​ជំនួយ​ផ្នែក​វិស័យ​អប់រំ និង​ស្រាវជ្រាវ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ស៊ុយអែត ចាត់​ទុក​​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន ថា​ជា​ការ​ដើរ​ថយក្រោយ នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហេតុដូច្នេះ​ហើយ​ទើប​ប្រទេស​ស៊ុយអែត មិន​អាច​បន្ត​ជំនួយ​ផ្នែក​ការកែទម្រង់​ផ្នែក​វិមជ្ឈការ ក្នុង​ស្ថានភាព​បែបនេះ​នោះ​ឡើយ។
តាំងពី​ពេល​ដាក់ទណ្ឌកម្ម​ដំបូង​មក មាន​រយៈពេល​ពេល​ជាង ៥ខែ​ហើយ និង​ដល់ពេល​ឆ្នាំ​សារពើពន្ធ ដែល​រដ្ឋាភិបាល​ស៊ុយអែត ត្រូវ​ពិនិត្យ​ឡើងវិញ ថា​តើ​ត្រូវ​បន្ត​ជំនួយ ឬ​ត្រូវ​បន្ត​ផ្តាច់​ជំនួយ​ផ្នែក​នេះ​តទៅទៀត។
ទោះបី​ពេលវេលា​កន្លង​ផុត​ទៅ ជិត​កន្លះ​ឆ្នាំ​ទៅ​ហើយ​ក្តី ក៏​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​បច្ចុប្បន្ន គ្មាន​ភាព​ប្រសើរ​ឡើង​នោះ​ឡើយ។ មិនតែប៉ុណ្ណោះ វា​រឹត​តែ​អាក្រក់ ថែមទៀត ដោយសារតែ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​ផាត់​ចេញពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ទាំង​២០ ដែល​ទទួលស្គាល់​ដោយ​គ..ប សម្រាប់​ការប្រកួតប្រជែង ក្នុង​ការ​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា ខាងមុខនេះ។
ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សុខ ឥសាន មើល​មិន​ឃើញ​ថា ស្ថានការណ៍​នយោបាយ​ស្រុក​ខ្មែរ​បច្ចុប្បន្ន អាក្រក់​ដូច​អ្នកដទៃ​មើល​ឃើញ​នោះ​ទេ។ លោក សុខ ឥសាន ថា​កម្ពុជា​ស្វាគមន៍​មន្ត្រី​ការបរទេស​ស៊ុយអែត ក្នុង​ការ​ចុះ​មក​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ដោយ​ខ្លួនឯង​ផ្ទាល់ ដើម្បី​ងាយ​ស្រាយ​ស្រួល ក្នុង​ការ​វាយតម្លៃ​សភាពការណ៍​ពិត ដោយ​លោក​អះអាង​ថា​ល្អ។ ទោះជា​យ៉ាង​នេះ​ក្តី​លោក សុខ ឥសាន មិន​ទាន់​ហ៊ាន​ថា​ស៊ុយអែត នឹង​បន្ត​ជំនួយ​ដល់​កម្ពុជា​ទៀត ឬ​យ៉ាងណា​នោះ​ដែរ ដោយ​ទុក​អ៊ុត​មើល ក្រោយ​ចប់​ទស្សនកិច្ច​របស់​មន្ត្រី​ស៊ុយអែត​រូប​នេះ៖ «យើង​មិន​អាច​នឹង​សន្និដ្ឋាន សម្រេចចិត្ត​ជំនួស​ម្ចាស់​បានទេ។ យើង​ទុក​ឲ្យ​គាត់​សម្រេចចិត្ត និង​វាយតម្លៃ​យ៉ាងណា បន្ទាប់ពី​គាត់​បាន​មក​ពិនិត្យ​សភាពការណ៍​ជាក់ស្ដែង​នៅ​កម្ពុជា ព្រោះ​សភាពការណ៍​នៅ​កម្ពុជា​នេះ យើង​មិន​មាន​អ្វី​ជា​ការ​លាក់បាំង ឬ​បំបិទ​ដោយ​ប្រការ​ណាមួយ​នោះ​ឡើយ»
គ្រាន់តែ​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​នៅមុន​ប្រកាស​ផ្ដាច់​ជំនួយ ប្រទេស​ស៊ុយអែត បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា គិត​ជា​ទឹកប្រាក់​ប្រមាណ ១០០ លាន​ដុល្លារ។ ប៉ុន្តែ ប្រទេស​ស៊ុយអែត មាន​ភាព​សកម្ម​ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ កាលពី​ខែ​មីនា កន្លង​ទៅ​នេះ ប្រទេស​ស៊ុយអែត បាន​ចូលរួម​ជាមួយ​ប្រទេស ៤៤ ផ្សេងទៀត ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ថ្កោលទោស​របប​ក្រុង​ភ្នំពេញ រឿង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ​ដែរ៕
ប្រពភពី៖RFA

No comments