News

Breaking News

ភ្លេង​ការ​ប្រពៃណី​ខ្មែរ​ធ្វើ​ឲ្យ​ពិធី​រៀប​ការ​កាន់​តែ​មាន​ន័យ

ក្នុង​ចំណោម​ធាតុ​ផ្សំ​សំខាន់់​ៗ​នៃ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​បែប​ប្រពៃណី​ ខ្មែរ គេ​មើល​ឃើញ​ថា បទ​ចម្រៀង​ភ្លេង​ការ​ប្រពៃណី​ខ្មែរ​ គឺ​ជា​ដួង​ព្រលឹង​មួយ​នៅ​ក្នុង​ពិធី​ដែល​ប្រជាជន​ខ្មែរ​ មិន​អាច​មើល​រំលង​បាន ប៉ុន្តែ​មិន​ថា​តែ​ជន​បរទេស​នោះ​ទេ​ សូម្បី​តែ​ប្រជាជន​ខ្មែរ​ ឬ​អាចារ្យ​មួយ​ចំនួន​នៅ​កម្ពុជា ក៏​នៅ​មាន​មន្ទិល​សង្ស័យ​និង​មិន​ចង់​ឲ្យ​បទ​ចម្រៀង​ដែល​មាន​អត្ថន័យ​កំសត់​ចម្លែក ត្រូវ​បាន​យក​មក​ចាក់​នៅ​ថ្ងៃ​សិរី​មង្គល​បែប​នេះ​ដែរ​។


បើ​និយាយ​អំពី​ប្រវត្តិ​សាច់​ភ្លេង និង​អត្ថន័យ​នៃ​បទ​ភ្លេង​ការ​ប្រពៃណី​ខ្មែរ​នេះ លោក អាចារ្យ ញាណ ភឿន វ័យ ៦៤ ឆ្នាំ ជា​សមាជិក​គណៈកម្មការ​ស្រាវ​ជ្រាវ​វិជ្ជា​ហោរា​សាស្ត្រ និង ទំនៀម​ទម្លាប់​ប្រពៃណី​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ និង អន្តរ​ជាតិ និង​ជា​អាចារ្យ​វត្ត​ស្រះ​ចក បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ដោយ​សារ​វប្បធម៌​ខ្មែរ​មាន​ជាប់​ទាក់​ទង​នឹង​វប្បធម៌​ឥណ្ឌា​តាំង​ពី​បុរាណ​ កាល​មក ដូច្នេះ​ការ​រៀប​ចំ​ពិធី​បែប​ជំនឿ​សាសនា​ផ្សេង​ៗ​របស់​ខ្មែរ​ដែល​កើត​មាន​ឡើង ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ក៏​មាន​លាយ​ឡំ​គ្នា​រវាង​ព្រហ្មញ្ញ​សាសនា និង​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ ដូច​ជា​ពិធី​បង្កក់​កូន និង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ជា​ដើម​។

លោក​អាចារ្យ ញាណ ភឿន បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ចម្រៀង​ភ្លេង​ការ​ប្រពៃណី​ខ្មែរ​ថា «បទ​មួយ​ចំនួន​មាន ន័យ​កំសត់​ស្រណោះ​ស្រណោក ដូច​ជា​បទ​នៅ​ក្នុង​ពិធី​កាត់​ខាន់​ស្លា ដែល​មាន​លក្ខណៈ​បំពេរ នឹក​ដល់​ទម្ងន់​នៃ​គុណូបការៈ​របស់​មាតា​បិតា​ដែល​បាន​បី​បម​ថ្នាក់​ថ្នម​ថែ​រក្សា​កូន តាំង​ពី​ក្នុង​ផ្ទៃ​ចំនួន ​៩ ​ខែ ១០ ​ថ្ងៃ រហូត​ដល់​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍ ដើម្បី​ឲ្យ​កូន​ៗ​បាន​ដឹង និង​មិន​ភ្លេច​គុណ​មាតា​បិតា​ ហើយ​ចេះ​បម្រើ​មាតា​បិតា​វិញ​ ពេល​គាត់​ចាស់​ទៅ​»។

លោក​បាន​បន្ត​ថា៖ «រី​ឯ​ការ​កំសត់​ស្រក់​ទឹក​ភ្នែក ក៏​មិន​មែន​កំសត់​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​លំបាក​នោះ​ទេ គឺ​កំសត់​នៅ​ពេល​ដែល​នឹក​ឃើញ​ថា​ខ្លួន​ឯង​ចាប់​បដិ​សន្ធិ​មក ជួប​ឧបសគ្គ ការ​លំបាក​យ៉ាង​ណា​ខ្លះ ឲ្យ​ខ្លួន​កុំ​បំភ្លេច​គុណ​ព្រោះ​តាម​ព្រះពុទ្ធ​សាសនា អ្នក​ដែល​ដឹង​គុណ​មាតាបិតា​បាន​កុសល​ណាស់»។

តាម​រយៈ​ឯកសារ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ និង​ឯកសារ​ផ្សេងៗ​ទៀត​ដែល​លោក ញាណ ភឿន បាន​ស្រាវ​ជ្រាវ​ឃើញ​ថា បទ​ចម្រៀង​ជា​ច្រើន​ដែល​និពន្ធ​ឡើង​ជា​បទ​ភ្លេង​ការ ​គឺ​មាន​អត្ថន័យ គ្រប់​រសជាតិ​ទាំង​អស់ ក្រៅ​ពី​ការ​បង្ហាញ​ពី​ការ​ដឹង​គុណ ក៏​មាន​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ជ្រាល​ជ្រៅ និង លើស​លប់ រវាង​ប្រុស​និង​ស្រី ព្រម​ទាំងការ​ទុក្ខ​សោក​ផ្សេងៗ ដែល​កើត​ឡើង​ដោយ​សារ​ការ​ឃ្លាត​ចាក​ឆ្ងាយ ឬ​ឧបសគ្គ​ផ្សេងៗ ជា​ដើម​ ដើម្បី​កំដរ​ឲ្យ​ពិធី​អាពាហ៍​ពិពាហ៍ដ៏​យូរ ​(៣ ​ថ្ងៃ ​២ ​យប់) នា​ពេល​អតីត​កាល​គឺ​ជា​ការ​ប្រព្រឹត្ត​ទៅ​យ៉ាង​ពេញ​លក្ខណៈ​និង​មហោឡារិក​។

លោក វ៉ាយ ​វិបុល មន្ត្រី​ស្រាវ​ជ្រាវ​ហោរាសាស្ត្រ និង​ទំនៀម​ទម្លាប់​នៃ​ក្រសួង​ធម្មការ និង​សាសនា​ បាន​ឲ្យ​ដឹង​ថា ចម្រៀង​ភ្លេង​ការ​នៅ​ក្នុង​ប្រពៃណី​ខ្មែរ​បើ​គិត​ទៅ​តាម​លំដាប់​លំដោយ​ គ្រប់​ពិធី​តូច​ៗ​ទាំង​អស់​នៅ​ក្នុង​កម្មវិធី​រៀប​អាពាហ៍​ពិពាហ៍​នោះ​ពិត​ជា​ រាប់​មិន​អស់​ឡើយ ប៉ុន្តែ​ជា​មធ្យម​ក្នុង​ពិធី​តូច​ៗ​នីមួយ​ៗ​ត្រូវ​បាន​ចែក​ចេញ​ពី​ពីរ​ឬ បី​បទ​ទៅ​តាម​កម្មវិធី​។

លោក​បាន​បន្ត​ថា ៖ «ប៉ុន្តែ​ដោយ​សារ​បច្ចុប្បន្ន​ពិធី​អាពាហ៍​ពិពាហ៍​ខ្មែរ​យើង​មាន​ការ​បង្រួម​ ពី ​២ ​យប់ ​៣ ​ថ្ងៃ មក​ត្រឹម​ ១​ ថ្ងៃ​ឬ ​១​ថ្ងៃ កន្លះ ដូច្នេះ​ការ​រៀប​ចំ​កម្មវិធី​ត្រូវ​មាន​ការ​កាត់​បន្ថយ​ច្រើន​រួម​ទាំង​ការ​ចាក់​ភ្លេង​ការ​ ប្រពៃណី​ផង»។ លោក វ៉ាយ វិបុល ​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​យល់​ស្រប​ក្នុង​ការ​យក​បទ​ចម្រៀង​មួយ​ចំនួន​ដែល​មាន​អត្ថន័យ​ កំសត់​អពមង្គល​ប្រាស​ចាក​ពី​អត្ថន័យ​ក្នុង​ថ្ងៃ អាពាហ៍​ពិពាហ៍​នោះ​ទេ​ ហើយ​កន្លង​មក​ខ្ញុំ​ធ្លាប់​រិះ​គន់​ចំពោះ​រឿង​បែប​នេះ»។

ប៉ុន្តែ​លោក​វិបុល​បាន​ឲ្យ​ដឹង​ថា វា​មិន​មែន​ជា​កំហុស​របស់​អាចារ្យ​នោះ​ទេ​តែ​វា​ជា​កំហុស​របស់​អ្នក​និពន្ធ បទ​ចម្រៀង ​និង​ការ​ជ្រើសរើស​បទ​យក​មក​ចាក់​តែ​ប៉ុណ្ណោះ​ដោយ​សារ​តែ​បទ​ចម្រៀង​ភ្លេង ការ​ភាគ​ច្រើន​មិន​ត្រូវ​បាន​សម្រាំង​ជ្រើស​រើស​នោះ​ទេ​ គឺ​ជា​ចម្រៀង​ដែល​ចង​ក្រង​នៅ​ក្នុង​កាសែត​ម៉ាញ៉េ​ចាស់​ៗ។

ខុស​គ្នា​ពី​លោក​វិបុល​បន្តិច លោក អាចារ្យ ញាណ ភឿន បាន​បដិសេធ​ថា៖ «វា​មិន​មែន​ជា​ការ​ខុស​ឡើយ​ក្នុង​ការ​ថែ​រក្សា​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ ដែល​អ្នក​ប្រាជ្ញ​បុរាណ​ខំ​រក្សា​ទុក​ជា​ឯកសារ​ជា​យូរ​មក​ហើយ​នោះ​ទេ នេះ​ដោយ​សារ​តែ​យើង​មិន​បាន​យល់​ពី​អត្ថន័យ និង​គោល​បំណង​របស់​អ្នក​និពន្ធ​ជំនាន់​មុន តែ​ប៉ុណ្ណោះ ទើប​មាន​អ្នក​និពន្ធ ឬ​អ្នក​ចម្រៀង​ថ្មី​ខ្លះ​ខំ​កែ​ប្រែ​ទម្រង់​និង​អត្ថន័យ​ធ្វើ​ឲ្យ​បាត់​បង់​លក្ខណៈ​ដើម​តែ​ម្តង​»។

តាម​រយៈ លោក វ៉ាយ វិបុល របៀប​វារៈ​ប្រជា​ជន​ខ្មែរ​ភាគ​ច្រើន​បាន​កាត់​ចោល​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ ប្រពៃណី​របស់​ខ្មែរ​នោះ​ មាន​ដូច​ជា គឺ កាត់​ផ្កា​ស្លា​ ឡើង​អ្នក​តា​ បុក​ល័ក្ត ជុំ​ពាលី​និង​កាត់​ខាន់​ស្លា​ជាដើម​។ ចំណែក​ភ្លេង​ការ​បច្ចុប្បន្ន​មាន​ប្រើ​ឧបករណ៍ បុរាណ​ខ្មែរ​ដូច​ជា​ តាខេ ឃឹម ទ្រ និង​ស្គរ តែ​ចំពោះ​ឧបករណ៍​ភ្លេង​ដែល​គេ​យក​មក​ប្រើ​នៅ​ក្នុង​អតីត​កាល​មាន​ដូច​ជា​ ចាប៉ី ប៉ី​ពក ទ្រឆេ​ ទ្រអ៊ូ ស្គរ​២៕
ប្រភព៖ ភ្នំពេញ​ ប៉ុស្តឹ៏

No comments