Home
/
"ការបណ្ដេញបុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍
/
"ការបណ្ដេញបុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍ជាការធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាន"
"ការបណ្ដេញបុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍ជាការធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាន"
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកការបណ្ដេញបុគ្គលិករបស់កាសែតភ្នំពេញប៉ុស្តិ៍ ជាការធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាន ក្រោយម្ចាស់ថ្មីរបស់កាសែតនេះ បណ្ដេញបុគ្គលិកបីនាក់ភ្លាមៗ និងបុគ្គលិក ១០នាក់ផ្សេងទៀត ដែលបានលាឈប់ ដោយសារតែភាពខ្វះឯករាជ្យ និង សម្ពាធក្នុងការបំពេញវិជ្ជាជីវៈ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី ដែលធ្លាប់ធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៧៩ ថាកាសែតភ្នំពេញប៉ុស្តិ៍ (the Phnom Penh Post) ក្រោមការគ្រប់គ្រងរបស់ថៅកែថ្មី នឹងលែងមានភាពឯករាជ្យ ដូចមុនតទៅទៀត។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី៩ ខែឧសភានេះ អង្គការសង្គមស៊ីវិលទាំងនេះ លើកឡើងថា កាសែតភ្នំពេញប៉ុស្ដិ៍ គឺជាកាសែតចុះផ្សាយជាភាសាខ្មែរ និងអង់គ្លេស ដែលត្រូវបានចាត់ទុកថា ជាកាសែតឯករាជ្យចុងក្រោយមួយនៅកម្ពុជា ហើយការផ្លាស់ប្ដូរម្ចាស់ថ្មីនៃកាសែតនេះ បាននាំឱ្យមានមន្ទិលសង្ស័យជាច្រើន ចំពោះឯករាជ្យភាពរបស់កាសែត នៅពេលខាងមុខ។
សេចក្ដីថ្លែងការណ៍ដដែល បន្តថា ស្របពេលដែលកាសែតភ្នំពេញប៉ុស្ដិ៍ ត្រូវបានរងការចោទប្រកាន់ថា មានជាប់ជំពាក់ប្រាក់ពន្ធ ដ៏ចម្រូងចម្រាសប្រមាណជាង ៣.៩លានដុល្លារ ភាពមិនច្បាស់លាស់នៃការលក់ស្ថាប័ននេះ បាននាំឱ្យមានភាពមន្ទិលសង្ស័យជាច្រើន ថាហេតុអ្វីបានជាបញ្ហាជាប់ជំពាក់ពន្ធ ត្រូវបានដោះស្រាយក្នុងពេលជាមួយគ្នា នៃការលក់ស្ថាប័នកាសែត ដែលមានអាយុកាល២៦ឆ្នាំនេះ។ ដូចគ្នានឹងកាសែតភ្នំពេញប៉ុស្ដិ៍ដែរ កាសែត ឌឹ ខេមបូឌា ដេលី (the Cambodia Daily) ដែលតែងចុះផ្សាយ អត្ថបទរិះគន់ ឥតលំអៀង និងរបាយការណ៍បែបស៊ើបអង្កេត ត្រូវបានបង្ខំចិត្តបញ្ឈប់ដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីរងការចោទប្រកាន់ថា មានជាប់ជំពាក់ប្រាក់ពន្ធប្រមាណជាង ៦.៣លានដុល្លារ។
ភ្លាមៗក្រោយម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍មុនលក់ទៅឲ្យម្ចាស់ថ្មី ស្រាប់តែម្ចាស់ថ្មីនេះ បណ្ដេញបុគ្គលិកសំខាន់ៗបីនាក់ឲ្យចេញជាបន្ទាន់ ដោយសារអ្នកទាំងនោះ មិនព្រមដកអត្ថបទព័ត៌មាន ស្ដីពីទំនាក់ទំនងរបស់ក្រុមហ៊ុនម្ចាស់ថ្មីនេះ ជាមួយនឹងរបបលោក ហ៊ុន សែន។ ក្រោយការបញ្ឈប់បុគ្គលិកទាំងបីនាក់នេះភ្លាម បុគ្គលិកជាច្រើនទៀត បានបន្តដាក់ពាក្យសុំលាឈប់ពីការងារ។ រហូតមកដល់ថ្ងៃទី៩ ខែឧសភានេះ បុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍ចំនួន ១៣នាក់ហើយ ដែលចាកចេញពីកាសែតនេះ។
អង្គការសង្គមស៊ីវិលទាំង៧៩ ដដែលនេះ សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការវិវត្តបែបនេះ ហើយថានេះជាករណីចុងក្រោយមួយ ក្នុងចំណោមការធ្វើទុក្ខបុកម្នេញជាច្រើនបន្តបន្ទាប់ទៀត ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេរីភាពសារព័ត៌មាន។
ស្របពេលជាមួយគ្នានេះដែរ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិឯណោះវិញ បានស្នើឲ្យម្ចាស់ជំនួយ ដាក់សម្ពាធលោក ហ៊ុន សែន ឲ្យស្តារសេរីភាពសារព័ត៌មានឡើងវិញ។ នាយកប្រតិបត្តិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងកាលពីថ្ងៃទី៨ ខែ ឧសភា ថាប្រទេសម្ចាស់ជំនួយ ត្រូវតែដាក់សម្ពាធ ដើម្បីទប់ស្កាត់កុំឲ្យរបបលោក ហ៊ុន សែន បន្តកាត់ផ្ដាច់ឫសគល់ នៃមូលដ្ឋានគ្រឹះនៃសេរីភាព និងទប់ស្កាត់លោក ហ៊ុន សែន កុំឲ្យបន្តយុទ្ធនាការបំបិទសំឡេងរិះគន់ទាំងអស់បែបនេះ តទៅទៀត។
ការណ៍ដែលលោក ប្រ៊ែដ អាដាម ស្នើឲ្យប្រទេសម្ចាស់ជំនួយ ដាក់សម្ពាធបែបនេះ គឺដោយសារតែ តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សហគមន៍អន្តរជាតិ បានផ្ដល់ជំនួយរាប់ពាន់លានដុល្លារ ឲ្យកម្ពុជា ដើម្បីជួយប្រែក្លាយប្រទេសនេះ ទៅជាប្រទេសមួយ ដែលមានការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែ លោក ប្រ៊ែដ អាដាម ថា លោក ហ៊ុន សែន បានបំផ្លាញកិច្ចខិតខំប្រឹងប្រែង របស់ម្ចាស់ជំនួយទាំងនេះអស់គ្មានសល់ ដោយសារតែការធ្វើទុក្ខបុកម្នេញលើក្រុមនិយមប្រជាធិបតេយ្យ រួមមានគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
ជាចុងក្រោយ អង្គការសង្គមស៊ីវិលទាំង៧៩ ស្នើឱ្យរបបលោក ហ៊ុន សែន គោរពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សេរីភាពនៃការបញ្ចេញមតិ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ទៅលើសកម្មជនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាននៅកម្ពុជាតទៅទៀត និងរម្លឹករបបលោក ហ៊ុន សែន ថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានលក្ខណៈរិះគន់ ដោយគ្មានការជ្រៀតជ្រែកពីសំណាក់ក្រុមហ៊ុនសាជីវកម្ម ឬបម្រើផលប្រយោជន៍នយោបាយ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងដំណើរការសង្គមប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិផ្សេងៗ៕
ប្រភព៖RFa KHMER
"ការបណ្ដេញបុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍ជាការធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាន"
Reviewed by Unknown
on
May 10, 2018
Rating: 5
No comments