News

Breaking News

សម្ភាស​មេធាវី​អន្តរជាតិ ជុំវិញ​ប្រសិទ្ធភាព​ នៃ​ច្បាប់​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន

មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។

មេធាវី​អន្តរជាតិ អះអាង​ថា ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ក្នុង​ការ​ដាក់​សំពាធ​លើ​លោក ហ៊ុន សែន និង​មន្រ្តី​ក្នុង​របប​នេះ ដោយ​សារ​ច្បាប់​នេះ ត្រូវ​បាន​ឯកភាព​ស្នើសុំ​ឡើង​ ដោយ​សមាជិក​សភា​អាមេរិក ពី​ខាង​បក្ស​កាន់​អំណាច​ផង និង​ពី​ខាង​បក្ស​ប្រឆាំង​ផង។
សូម​លោក​អ្នក​នាង ស្ដាប់​បទ​សម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក Richard Rogers ជុំវិញ​រឿង​នេះ​ដូច​តទៅ៖
មួង ណារ៉េត៖ សំណើច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន នេះ បាន​ដល់​ដៃ​រដ្ឋសភា​អាមេរិក​ កាល​ពី​ថ្ងៃ​ទី១០ ខែសភា ដែល​ត្រូវ​បន្ត​នីតិវិធី​មួយ​ចំនួន មុន​នឹង​បញ្ជូន​ទៅ​ប្រធានាធិបតី​អាមេរិក ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើប្រាស់។ តើ​ច្បាប់​នេះ នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ដែរ លើ​របប​លោក ហ៊ុន សែន?
រីឆាត រ៉ជ័រ៖ ពេល​ដែល​សំណើច្បាប់​នេះ ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​ចូល​ជា​ធរមាន​រួច​ ច្បាស់​ណាស់ វា​នឹង​មាន​ឥទ្ធិពល​ខ្លាំង។ ប៉ុន្តែ​ឥទ្ធិពល​នេះ គឺ​ចាំ​រហូត​ដល់ ១៨០​ថ្ងៃ​ក្រោយ​ចេញ​ច្បាប់​នេះ​សិន ទើប​ឃើញ​ច្បាស់។ ពេល​នោះ​ យើង​នឹង​ឃើញ​បញ្ជី​រាយ​នាម​បុគ្គល ដែល​ត្រូវ​រង​ទណ្ឌកម្ម។ ទណ្ឌកម្ម​ទាំង​នោះ​រួម​មាន ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ទាំង​នោះ ដែល​មាន​នៅ​សហរដ្ឋអាមេរិក ទាំង​ជា​ទ្រព្យ​បុគ្គល ឬ​ជា​ក្រុមហ៊ុន និង​ការ​ហាមឃាត់​ទិដ្ឋាការ​ធ្វើដំណើរ​មក​កាន់​ទឹក​ដី​អាមេរិក។ មានន័យថា មន្ត្រី​របប​លោក ហ៊ុន សែន មិន​អាច​ជាន់​ដី​អាមេរិក​បាន​ទេ លើកលែង​តែ​ក្នុង​ករណី​មក​ប្រជុំ​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។ ទណ្ឌកម្ម​នេះ គឺ​ដាក់​លើ​ជន​ទាំង​ឡាយ​ណា ដែល​បាន​ចូល​ដៃ​ចូល​ជើង ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជន​ដែល​រំលោភ​សិទ្ធិមនុស្ស ដែល​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ​ដែរ។ បើ​និយាយ​ពី​ជន​ដែល​ជាប់​ពាក់ព័ន្ធ​វិញ គឺ​មាន​ច្រើន​ស្អេកស្កះ​ នៅ​ស្រុក​ខ្មែរ។ ដូច្នេះ បញ្ជី​ខ្មៅ​ច្បាស់​ជា​វែង​ខ្លាំង​ណាស់​ហើយ។
មួង ណារ៉េត៖ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ កាន់​តែ​កៀក​ណាស់​ហើយ។ គណបក្ស​ប្រឆាំង​ត្រូវ​បាន​ផាត់​ចេញពី​ការ​បោះឆ្នោត​ ដោយសារ​របប​លោក ហ៊ុន សែន រម្លាយ​ចោល។ ឥឡូវ​សំណើ​ច្បាប់​នេះ ទើប​ទៅ​ដល់​ត្រឹម​រដ្ឋសភា ហើយ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ទៀត មុន​នឹង​ចេញ​ជា​ច្បាប់។ តើ​លោក​យល់​ថា នេះ​វា​មិន​យឺត​ពេល​ពេក​ទេ?
រីឆាត រ៉ជ័រ៖ មិន​យឺត​ពេល​ពេក​ទេ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​យឺត​ពេល​ណាស់​ហើយ​ក្នុង​ការ​ទប់​ទណ្ឌកម្ម​នេះ ព្រោះ​បើ​ទោះបី​ជា​បក្ស​កាន់​អំណាច​បែរ​ជា​ដូរ​ចិត្ត​មក​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ចូលរួម​បោះ​ឆ្នោត​ក្នុង​ដំណាក់​កាល​នេះ ក៏​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​នោះ​ដែរ។ នេះ​ដោយ​សារ​តែ​ការ​បោះ​ឆ្នោត ជិត​ដល់​ណាស់​ហើយ។ ម្យ៉ាង​ទៀត​បើ​​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ចូលរួម​ប្រកួត​ក្នុង​ពេល​កៀក​ការ​​បោះ​ឆ្នោត​បែប​នេះ តើ​បក្ស​នេះ​នឹង​មាន​ពេល​ឯណា​ត្រៀម​ខ្លួន​ចូលរួម​ឲ្យ​ស្មើភាព​គ្នា​បាន​នោះ? ម្ល៉េះ​ហើយ ខ្ញុំ​យល់​ថា លោក ហ៊ុន សែន ច្បាស់​ជា​បន្ត​ដឹកនាំ​ប្រទេស​តាម​បែប​ឯក​បក្ស និង​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​នេះ ជាក់ជា​មិន​ខាន។
មួង ណារ៉េត៖ ចុះ​បើ​របប​លោក ហ៊ុន សែន ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​នេះ តើ​នឹង​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​លោក ហ៊ុន សែន និង មន្ត្រី​របស់​លោក?
រីឆាត រ៉ជ័រ៖ ទណ្ឌកម្ម​នេះ នឹង​មាន​ផល​ប៉ះពាល់​ធំ​ធេង​ណាស់​ សម្រាប់​មន្ត្រី​របប​លោក ហ៊ុន សែន មាន​ទាំង​មន្ត្រី​យោធា និង មន្ត្រី​ឯទៀត​ រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគាត់​ផង ជាពិសេស​អ្នក​ដែល​មាន​មុខ​របរ និង ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​ក្រៅ​ប្រទេស។ សូម​កុំ​ភ្លេច​ថា រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​លើ​ពិភព លោក​ចៀស​មិន​ផុត​ពី​ឆ្លង​កាត់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​នោះ​ឡើយ។ ទណ្ឌកម្ម​នេះ គឺ​នឹង​ធ្វើឲ្យ​​អ្នក​ទាំង​នេះ លែង​អាច​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​បាន។ ពួកគាត់​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​រកស៊ី ដូចជា​ការ​ទិញ​ភាគហ៊ុន ឬ​ប្រតិបត្តិការ​ជំនួញ​សព្វ​បែប​យ៉ាង។ ម្យ៉ាង​ទៀត មន្ត្រី​របប​លោក ហ៊ុន សែន ក៏​មាន​បញ្ជូន​កូន​ចៅ​មក​រៀន​នៅ​សាលា​នៅ​អាមេរិក​ដែរ។ ទណ្ឌកម្ម​នេះ នឹង​ធ្វើ​ឲ្យ​អាក់​ខាន​ដល់​ការ​បញ្ជូន​កូនចៅ​ពួកគាត់​មក​រៀន​តទៅ​ទៀត។ ទីបំផុត មន្ត្រី​របប​លោក ហ៊ុន សែន នឹង​រង​ការ​ឈឺ​ចាប់ ដោយសារ​ទណ្ឌកម្ម​ទាំង​នេះ។
មួង ណារ៉េត៖ សហរដ្ឋ​អាមេរិក មាន​ច្បាប់​ស្រាប់​ទៅ​ហើយ សម្រាប់​ដាក់ទណ្ឌកម្ម​មន្រ្តី​បរទេស ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​មនុស្ស​ធ្ងន់ធ្ងរ​នេះ។ ច្បាប់​នោះ​គឺ​ហៅ​ថា​ច្បាប់ the US Global Magnitsky Act។ តើ​ហេតុ​អ្វី​អាមេរិក ចាំបាច់​ស្នើច្បាប់​ថ្មី​នេះ​ធ្វើ​អ្វី​ទៀត?
រីឆាត រ៉ជ័រ៖ ច្បាប់​ Global Magnitsky Act ដែល​ជា​វិធានការ​ដាក់ទណ្ឌកម្ម​សាកល​នេះ ដែល​មាន​ស្រាប់​នេះ គឺ​មិន​ខុស​ពី​ច្បាប់​ថ្មី​នេះ​ប៉ុន្មាន​ទេ ខុស​គ្នា​ត្រង់​តែ​ថា វា​ប្រើ​សម្រាប់​ដាក់​ទណ្ឌកម្ម​ប្រទេស​ណា​មួយ​ក៏​បាន ពេលណា​ក៏បាន។ ច្បាប់​ចាស់ និង សំណើ​ច្បាប់​ថ្មី​នេះ ដែល​ហៅ​ថា​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០១៨ នេះ គឺ​មាន​គោលដៅ​ដាក់ទណ្ឌកម្ម​ តែ​លើ​របប​លោក ហ៊ុន សែន មួយ។ ប៉ុន្តែ ច្បាប់​ទាំង​ពីរ​នេះ ជួយ​បំពេញ​គ្នា​ទៅ​វិញ​ទៅមក។ អ្វី​ដែល​គួរ​កត់​សម្គាល់ ចំពោះ​សំណើ​ច្បាប់​ថ្មី​នេះ គឺ​ការ​បង្ហាញ​នូវ​ឆន្ទៈ​រួម​គ្នា​ របស់​សមាជិក​សភា​អាមេរិក​ ទាំង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ ដែល​សុទ្ធតែ​មាន​បំណង​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ដូច្នេះ នៅ​ពេល​ច្បាប់​ថ្មី​នេះ​ចេញ រដ្ឋាភិបាល​អាមេរិក នឹង​ប្រើ​គួប​គ្នា​ជាមួយ​ច្បាប់​មាន​ស្រាប់ ដើម្បី​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​ និង ប៉ះពាល់​ដល់​មន្ត្រី​របប​នេះ កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បីឲ្យ​របប​នេះ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​តទៅទៀត។
មួង ណារ៉េត៖ កន្លង​មក​សហគមន៍​អន្តរជាតិ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង សុទ្ធតែ​បាន​ដាក់ទណ្ឌកម្ម​ខ្លះ​ហើយ និង ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​របប​លោក ហ៊ុន សែន។ ប៉ុន្តែ ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា នៅ​តែ​ដដែល។ តើ​លោក​គិត​ថា ច្បាប់​ទាំងនេះ​ នឹង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ប្រែចិត្ត​ឬទេ?
រីឆាត រ៉ជ័រ៖ ខ្ញុំ​មិន​ជឿ​ថា លោក ហ៊ុន សែន ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​នេះ​ទេ។ ប៉ុន្តែ សូម​កុំ​ភ្លេច​ថា ទណ្ឌកម្ម​បែបនេះ អាមេរិក និង សហភាព​អឺរ៉ុប ធ្លាប់​ធ្វើ​បាន​ជោគជ័យ​ រួច​មក​ហើយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​លើ​ជនជាតិ​រុស្ស៊ី។ ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​ទាំង​នេះ វា​ធំធេង នៅ​ពេល​វា​ចូលជាធរមាន។ ប៉ុន្តែ ​បើ​លោក ហ៊ុន សែន និង មន្ត្រី​របស់​លោក កែប្រែ ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​បែបនេះ​តទៅទៀត នោះ​ពួកគាត់​ នឹង​​អាច​រួច​ផុត​ពី​ទណ្ឌកម្ម​ទាំង​នេះ​បាន​ដែរ៕
ប្រភពពី៖RFA

No comments