News

Breaking News

"បក្ស​ប្រឆាំង​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ភ័យខ្លាច ទោះ​ត្រូវ​បាន​រំលាយ​ក្ដី"

អ្នកវិភាគ​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ទទួលជោគជ័យ​លើ​ការ​អំពាវនាវ​ឲ្យ​កម្មករ ពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​លោក ម្ដង​ហើយ​ម្ដង​ទៀត​ឡើយ ទោះបីជា​លោក នាយករដ្ឋមន្ត្រី អះអាង​ថា គណបក្ស​របស់​លោក មាន​អ្នក​សមាជិក​ប្រមាណ ៥​លាន​នាក់​ហើយ​ក្ដី ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន មិន​អាច​រក្សា​សមាជិក​របស់​ខ្លួន​៥​លាន​នាក់​នេះ​បាន​ឡើយ។
អ្នកវិភាគ​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ភ័យខ្លាច​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​តាម​ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ទោះបីជា​លោក​អះអាង​ថា សមាជិក​បក្ស​របស់​លោក​មាន​៥​លាន​នាក់​ហើយ​ក្ដី។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់​ថា របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ នឹង​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ថ្ងៃទី​២៩ កក្កដា​បានសម្រេច​ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន នៅតែ​ខ្លាច​ស្រមោល​សង្គ្រោះ​ជាតិ ដែល​លោក​កំពុង នៅតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​របស់លោក​បន្តទៀត​។ លោក បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា គណបក្ស​តូចៗ ដែល​ចូលរួម​ការបោះឆ្នោត​នោះ មិនមែន​ជា​ដៃគូ​ពិតប្រាកដ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ យ៉ាង​នេះ​ក្ដី លោក បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា គណបក្សប្រឆាំង​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ទោះបីជា គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ហើយ​ក្ដី៖ «មិន​ច្បាស់​ថា​រំលាយ​នោះ រលាយ​សាបសូន្យ​នោះ​ទេ គឺ​នៅ​មាន​ឥទ្ធិពល​អ្នក​ខាងក្រៅ»
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ជួប​កម្មករ​ប្រមាណ​២​ម៉ឺន​នាក់​នៅ​ខែត្រ​កំពង់ស្ពឺ អំពាវនាវ​ឲ្យ​កម្មករ​បោះឆ្នោត​ជូន​ជូន​គណបក្ស​របស់​លោក​បន្ត​ទៀត។ ជាងនេះទៀត លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ហើយ​លោក អះអាង​ថា គណបក្ស​របស់​លោក មាន​សមាជិក​ប្រមាណ​៥​លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​បាន​ទៅ​ចុះ​ឆ្នោត​ជាង​៨​លាន​នាក់៖ «ពួក​អ្នក​បក្ស​ប្រឆាំង​ទៅ​បោះឆ្នោត​កាន់តែ​តិច សន្លឹកឆ្នោត​កាន់តែ​ល្អ​សម្រាប់​បក្ស​កាន់អំណាច បក្ស​ដែល​ឈ្នះ​ឆ្នោត ដូច្នេះ​អ្នក​ដែល​មិន​ពេញចិត្ត​បក្ស​ប្រជាជន​កម្ពុជា​មិន​បាច់​ទៅ​បោះឆ្នោត​ទេ»
មិន​ត្រឹមតែ​ឃោសនា​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​លោក​នោះ​ទេ។ លោក ហ៊ុន សែន ថែមទាំង​ឃោសនា​ឲ្យ​កម្មករ​បោះឆ្នោត​ឲ្យ​កូនប្រុស​លោក គឺ​លោក ហ៊ុន ម៉ានី ដែល​បាន​ចាញ់​ឆ្នោត​កាល​បោះឆ្នោត​ឆ្នាំ​២០១៣ នៅ​ខេត្ត​កំពង់ស្ពឺ។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​លោក ពេលខ្លះ​លោក ថែមទាំង​អង្វរ​កម្មករ​ថែមទៀត។ លោក ហ៊ុន សែន ធ្លាប់​លើកឡើង​ថា លោក​គ្មាន​ចង់បាន​អ្វី​ក្រៅពី​ការ​បោះ​ជូន​លោក​បន្ត​ដឹកនាំ​ទៀត​ឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥​លាន​នាក់​នោះ មិន​ប្រាកដ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ព្រោះ​ថា ការបោះឆ្នោត​កន្លងមក​ជា​ឧទាហរណ៍​ស្រាប់។ លោក​បន្ថែម​ថា អ្វី​ដែល​លោក ហ៊ុន សែន ភ័យ​នៅ​ពេល​នេះ គឺ​ខ្លាច​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​ច្រើន ហើយ​រដ្ឋាភិបាល​របស់​លោក​នឹង​ក្លាយ​ជា​រដ្ឋាភិបាល​ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ៖ «៥​លាន​នាក់ ដូចជា​ការបោះឆ្នោត​លើក​មុនៗ បក្ស​ប្រជាជន​កម្ពុជា​បាន​តែ​ជាង ៣​លាន​នាក់​ទេ»
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ថ្លែង​នៅ ក្នុង​វេទិកា​ជួបជុំ​អ្នកគាំទ្រ​បក្ស​ប្រឆាំង នៅ​ទីក្រុង​វែនឃូវើ (Vancouver ) ប្រទេស​កាណាដា កាលពី​ថ្ងៃ​ទី​២១ ឧសភា ថា សម្រាប់​អ្នកស្នេហាជាតិ ដែល​បាន​ធ្វើ​ដំណើរ​មកដល់​ផ្លូវបំបែក គឺ​ត្រូវ​បត់​ស្តាំ​តាម​ផ្លូវ​សង្គ្រោះជាតិ ដើម្បី​សុវត្ថិភាព​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គមជាតិ។ លោក​បន្ថែម​ថា កុំ​បត់​ឆ្វេង​តាម ហ៊ុន សែន ចង់​បាន ត្រូវ​បត់​ស្តាំ​វិញ គឺ​បត់​ចូល​ផ្ទះ​វិញ ដោយ​មិន​ទៅ​បោះឆ្នោត​ក្លែងក្លាយ នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ខាងមុខនេះ។ ក្រៅ​ពី​នេះ​ទៀត លោក សម រង្ស៊ី អះអាង​ថា មាន​តែ​ការ​រួបរួម​គ្នា​ទេ ដែល​ទទួល​បាន​ជោគជ័យ​លើ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន៖ «គេ​នឹង​មើល​ថា​មាន​អ្នកបោះឆ្នោត​ប៉ុន្មានអ្នក​ទៅ​បោះឆ្នោត​គឺ​បោះ​អោយ ហ៊ុន សែន ទាំងអស់ ប៉ុន្តែ​បើ​អ្នក​មិន​ទៅ​បោះឆ្នោត​ច្រើនជាង​អ្នក​ទៅ​បោះឆ្នោត គឺ​សង្គ្រោះ​ជាតិ​ឈ្នះ​ហើយ​បងប្អូន»
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៣ ឧសភា ថា គ..ប បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​គណបក្ស​នយោបាយ​សម្រាប់​ការប្រកួតប្រជែង​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ គ្រប់​ចំនួន​២០​គណបក្ស​ហើយ។ គណបក្ស​ដែល​គ..ប​ទទួលស្គាល់ ២​ទៀត​ចុង​ក្រោយ​នេះ គឺ​គណបក្ស​រស្មីខេមរា និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា។​
ទោះបីជា​យ៉ាង​នេះ​ក្ដី នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាម (Brad Adams) ចាត់​ទុក​ការបោះឆ្នោត ខាងមុខ​ថា មាន​ភាព​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ ហើយ​ថា ការបោះឆ្នោត​នេះ ជា​រឿង​កំប្លែង និង​ឆាកល្ខោន​បិទបាំង​ការពិត ដែល​លោក ហ៊ុន សែន កំពុង​ចង់​បំភ្លៃ​តែប៉ុណ្ណោះ ព្រោះថា គ្មាន​នរណា​ទុកចិត្ត​ការបោះឆ្នោត​នេះ​ទេ។ ហើយ​រដ្ឋាភិបាល​ជាច្រើន ដែល​ជា​សមាជិក​អង្គការសហប្រជាជាតិ ក៏​បាន​បញ្ជាក់​ជំហរ​មិន​គាំទ្រ​រួចទៅ​ហើយ​ដែរ៖ «គ្មាន​នរណា​ទុកចិត្ត​ការបោះឆ្នោត​នេះ​នោះ​ទេ។ រដ្ឋាភិបាល​ជាច្រើន ដែល​ជា​សមាជិក​អង្គការសហប្រជាជាតិ បាន​បញ្ជាក់​ជំហរ​មិន​គាំទ្រ​រួចទៅ​ហើយ។ អ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ ក៏​មើល​ឃើញ​បញ្ហា​នេះ​ដែរ។ គ្មាន​ការបោះឆ្នោត​ណាមួយ សេរី ត្រឹម​ត្រូវ និង យុត្តិធម៌ ទៅ​រួច​ទេ បើ​របប​មួយ​រម្លាយ​គណបក្សប្រឆាំង​ស្របច្បាប់ ដែល​វិះ​តែ​នឹង​យកឈ្នះ​បក្ស​កាន់អំណាច ក្នុង​ការ​បោះឆ្នោត​កន្លង​មក ដោយសារ​ការ​ប្រឌិត​បទចោទប្រកាន់​ក្លែងក្លាយ។ យុត្តិធម៌​យ៉ាងម៉េច បើ​មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​និរទេស​ខ្លួន លោក កឹម សុខា ជាប់ពន្ធនាគារ ដោយសារ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន។ យុត្តិធម៌​យ៉ាងម៉េច បើ​របប​នេះ បញ្ជា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងស្រុង និង ប្រើ​មន្ត្រី​នគរបាល និង​តុលាការ ដើម្បី​ប្រយោជន៍​នយោបាយ​បក្ស​កាន់អំណាច។ យុត្តិធម៌​យ៉ាងម៉េច បើ​មេទ័ព​គ្រាក់ៗ ដើរ​ឃោសនា​រក​សំឡេងឆ្នោត ឲ្យ​បក្ស​កាន់អំណាច ដែល​តាមពិត​អ្នក​ទាំងនោះ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ។ យុត្តិធម៌​យ៉ាងម៉េច បើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ កាន់ជើង​បក្ស​ម្ខាង គឺ​បក្ស​កាន់អំណាច ហើយ​មន្ត្រី​តុលាការ ក៏​កាន់ជើង​បក្ស​តែ​ម្ខាង​ដែរ។ មិនតែប៉ុណ្ណោះ បើ​និយាយ​ពី​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​វិញ ក៏​គ្មាន​អព្យាក្រឹត្យ​ដែរ គឺ​កាន់ជើង​តែ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់ ភ័យខ្លាច​អំណាច​ផ្ដាច់ការ​របស់​លោក»
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
អ្នកវិភាគ​លើក​ឡើង​ថា របប​លោក ហ៊ុន សែន នឹង​ប្រឈម​វិបត្តិ​ធ្ងន់ធ្ងរ​ក្រោយ​ការបោះឆ្នោត គឺ​វិបត្តិ​នឹង​ការ​រើ​បម្រាស​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​វិបត្តិ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ហ៊ុមព័ទ្ធ​ដោយ​សហគមន៍​អន្តរជាតិ បើសិនជា​នៅតែ​គ្មាន​គណបក្សប្រឆាំង​ធំ​ជាងគេ​មិន​បាន​ចូលរួម​នោះ៕
ប្រភព៖RFA

No comments