បុរសម្នាក់ទៀត ត្រូវតុលាការឃុំខ្លួនរឿងប្រមាថព្រះមហាក្សត្រ
សៀមរាបៈ តុលាការខេត្តសៀមរាបកាលពីថ្ងៃអាទិត្យទី ២០ ខែឧសភា បានសម្រេចឃុំខ្លួនបុរសវ័យចំណាស់ម្នាក់ ដោយសារតែគាត់បានចែករំលែកសារហ្វេសប៊ុកអ្នកដទៃដែលសមត្ថកិច្ចយល់ថា ជាការប្រមាថដល់អង្គព្រះមហាក្សត្រដែលករណីនេះ ប្រសិនបើតុលាការរកឃើញថាមានទោសអាចប្រឈមមុខជាប់ពន្ធនាគារ ពី ១ ទៅ ៥ ឆ្នាំ។
នេះគឺជាករណីចាប់ឃុំខ្លួនជាលើកទី ២ ហើយដែលកើតឡើងក្នុងខែនេះ ក្រោយពេលនាយកសាលាបឋមសិក្សាម្នាក់ត្រូវបានចាប់ឃុំខ្លួនកាលពីសប្តាហ៍មុនពាក់ព័ន្ធពីបទប្រមាថព្រះមហាក្សត្រដូចគ្នានេះ។
បើតាមលោក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែង បុរសរូបនេះមានឈ្មោះ បាន សម្ភីរ អាយុ ៧០ ឆ្នាំមានមុខរបរជាជាងកាត់សក់រស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង។ លោក សុទ្ធាវុធ ថ្លែងថាកាលពីថ្ងៃទី ១៣ ខែឧសភា ឈ្មោះ បាន សម្ភីរ ដែលប្រើហ្វេសប៊ុកឈ្មោះ Ban Samphy បានចែករំលែកសារមួយពីហ្វេសប៊ុកឈ្មោះ Khmer Thatcher ដែលលោកថាមានលក្ខណៈប្រមាថដល់ព្រះមហាក្សត្រ។
លោក សុទ្ធាវុធ រៀបរាប់ថាជាងកាត់សក់រូបនេះបានស៊ែរកាលពីថ្ងៃទី ១៣ ប៉ុន្តែទើបតែថ្ងៃទី ១៥ ទេ ដែលសមត្ថកិច្ចបានឃើញសារនោះ។ បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវរហូតដល់ហៅមកសួរនាំនៅថ្ងៃទី ១៩ ឧសភា ហើយក៏ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ។
លោក សុទ្ធាវុធ ថ្លែងថា៖ «គាត់សារភាពថាគាត់បានស៊ែរ (ចែករំលែក)មែន។ រូបភាពនោះគឺជារូបភាពដែលគាត់បានស៊ែរ ចែកជូនទៅបងប្អូនក្រុមគ្នាគាត់។ គាត់ថាគាត់មានកំហឹងនឹងស្តេច... គាត់សារភាពហើយគាត់ថា គាត់ខុសហើយ ដែលគាត់ស៊ែរបន្ត ដោយសារតែគាត់ខឹង។ យើងទៅអញ្ជើញគាត់នៅរោងកាត់សក់របស់គាត់មកសាកសួរ»។
តាមរយៈហ្វេសប៊ុក Ban Samphy កាលពីថ្ងៃទី ១៣ គាត់បានស៊ែរសារមួយក្នុងហ្វេសប៊ុករបស់ឈ្មោះ Khmer Thatcher។ ក្នុងផូស្តនេះមានរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ នរោត្ដម សីហមុនី នៅក្នុងឡាន និងវីដេអូឃ្លីបមួយរបស់ពលរដ្ឋដែលត្អូញត្អែរពីការរឹតត្បិតការធ្វើដំណើរ និងការឆែកឆេរលើអ្នកភូមិស្រែគ ឃុំស្រែគ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ងួន ណារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ថាឈ្មោះបាន សម្ភីរ ត្រូវបានចោទប្រកាន់ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» តាមមាត្រា ៤៣៧ ស្ទួននៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ តាមមាត្រានេះជនត្រូវចោទប្រឈមជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។ ដីកាចុះថ្ងៃទី ២០ ឧសភានេះ ក៏បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទ សម្ភីរទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប។
មាត្រា ៤៣៧ ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌចែងថា «ការប្រមាថគឺជា វាចាកាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល»។ និយមន័យនេះក៏មានចែងនៅក្នុងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌផងដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថាការស៊ែរនូវសាររបស់អ្នកដទៃក៏មានកំហុសដែរ ប្រសិនបើធ្វើឡើងក្នុងបំណងអាក្រក់។
លោកថ្លែងថា៖ «ដើម្បីកំណត់ថា ជាបទល្មើសលុះត្រាតែមានចេតនាទុច្ចរិត បានន័យថា គាត់ដឹងថាព័ត៌មានហ្នឹងជាព័ត៌មានដែលបំពានទៅលើច្បាប់ គាត់ដឹងថា ព័ត៌មានហ្នឹងបង្កឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពបុគ្គលឯកជន ឬសណ្ដាប់ធ្នាប់សាធារណៈអី តែគាត់នៅតែស៊ែរ ដើម្បីបំពេញគោលបំណងនៃសារហ្នឹង...។ តែបើគាត់ស៊ែរមិនមានចេតនាឲ្យបទល្មើសសម្រេចគោលដៅទេអាហ្នឹងការស៊ែរហ្នឹង មិនមែនជាបទល្មើសទេ»។
លោកបន្តថា៖ «ឧទាហរណ៍គាត់ឃើញព័ត៌មានមួយហើយគាត់អត់ដឹងថា ពិត ឬមិនពិតទេ គាត់ចាប់អារម្មណ៍ឃើញព័ត៌មាននោះល្អ គាត់ស៊ែរបន្តគ្នា អាហ្នឹងគាត់មិនមានចេតនាទេ»។
លោកមេធាវី យឹម សារី ដែលជាអ្នកនាំពាក្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថាការផ្សព្វផ្សាយច្បាប់ ពលរដ្ឋគួរតែដឹងមុនពេលបង្ហោះ ឬស៊ែរអ្វីមួយ។ នៅពេលសួរថា តើធ្វើយ៉ាងណាដើម្បីឲ្យពលរដ្ឋយល់ដឹងពីច្បាប់ប្រមាថព្រះមហាក្សត្រនោះលោក សារី ថ្លែងថាការជេរប្រមាថអ្នកដទៃគឺជាបទល្មើសព្រហ្មទណ្ឌរួចហើយ កុំថាឡើយចំពោះព្រះមហាក្សត្រ។
លោកថា មុននឹងជេរប្រមាថបុគ្គលម្នាក់ត្រូវតែស្រាវជ្រាវជាមុន។ «បើចង់ជេរគេ ត្រូវតែស្រាវជ្រាវថា តើជេរព្រះមហាក្សត្រមានច្បាប់អត់...»។
លោក សារី ថ្លែងថាការស៊ែរអ្វីមួយដែលអ្នកដទៃជេរគឺអាចជាប់ពីបទសមគំនិតនៃអំពើដែលប្រព្រឹត្ត ប៉ុន្តែវាអាស្រ័យលើតុលាការដែលជាអ្នកកំណត់បទចោទ៕
ប្រភព៖ភ្នំពេញប៉ុស្តិ៏
No comments