តុលាការកោះហៅអតីតបុគ្គលិកអាស៊ីសេរីឱ្យចូលបំភ្លឺជុំវិញបទចោទថ្មីមួយទៀត
អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន (ឆ្វេង) និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា (ស្ដាំ)។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានកោះហៅអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីរនាក់ដែលកំពុងជាប់ឃុំ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ឧសភាខាងមុខនេះ ជុំវិញបទចោទថ្មីទាក់ទងនឹងការផលិតរូបភាពអាសអាភាស។
លោក កែវ វន្នី មេធាវីការពារក្តីអោយលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ថ្លែងឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៩ ឧសភា នេះថា បទចោទប្រកាន់ថ្មីនេះ គ្មានធាតុផ្សំបទល្មើសព្រហ្មទណ្ឌឡើយ។ លោកចាត់ទុកការចោទប្រកាន់បទល្មើសថ្មីនេះ ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងបំពានច្បាប់។ «»
រហូតមកដល់ពេលនេះ អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានរដ្ឋអំណាចក្រុងភ្នំពេញឃុំខ្លួនជាង៦ខែហើយ ពីបទផ្ដល់ព័ត៌មានដែលអន្តរាយដល់ការការពារជាតិអោយរដ្ឋបរទេស។ ប៉ុន្តែរហូតមកដល់ម៉ោងនេះ តុលាការមិនទាន់អាចបង្ហាញភស្តុតាងណាមួយទាក់ទងនឹងបទចោទនេះនៅឡើយទេ។
ទោះជាយ៉ាងណា លោកមេធាវីស្នើឱ្យតុលាការទម្លាក់បទចោទប្រកាន់ទាំងចាស់ទាំងថ្មី ពីព្រោះកូនក្តីរបស់លោកទាំងពីរមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទាំងនេះឡើយ៕
ប្រភព៖RFA
No comments